ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ករណីប្រើហិង្សាវាយទៅលើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់គ្រាន់តែមានជម្លោះពាក្យសម្តីគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ស្ថិតនៅភូមិកណ្ដាល ឃំុគោកព្រីង ស្រុកស្វាយជ្រំ ។
បើតាមកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆែម គុនធូ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ ឃុំ កើតហេតុខាងលើជាមួយជនរងគ្រោះ។
ចំណែកជនរងគ្រោះឈ្មោះអ៊ុក សុភ័ត្រ អាយុ១៩ឆ្នាំ រស់នៅភូមិកណ្ដាល ឃំុគោកព្រីង ស្រុកស្វាយជ្រំ ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យនិងជនរងគ្រោះអង្គុយនិយាយគ្នាប្រមាណជាកន្លះម៉ោងស្រាប់តែមានជម្លោះពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក ហើយជនសង្ស័យទាញបានព្រនង់វាយទៅលើក្បាលនិងដងខ្លួនជនរងគ្រោះយ៉ាងសន្ធាប់បណ្ដាលឱ្យដេកដួលលើដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗហើយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក៏ចុះមកឃាត់ជនសង្ស័យបញ្ជូនទៅទីបញ្ជាការស្រុកស្វាយជ្រំ ចំណែកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន