នៅថ្ងៃទី២៤ខែសីហា សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋបេឡារ៉ូស(Belarus)រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅរដ្ឋធានីMinsk ទាមទារឲ្យប្រធានាធិបតី Alexander Lukashenko លាលែងចេញពីតំណែង។ មហាបាតុកម្មធ្វើឡើង មិនខ្វល់ពីការប្រមានបំបែកពីកម្លាំងយោធាឡើយ។
ប្រព័ន្ធផ្សព្វផ្សាយបេឡារ៉ូស បានផ្សាយថា ប្រធានាធិបតីLukashenko បានពាក់អាវការពារគ្រាប់ ដៃកាន់កាំភ្លើង AK-47 ដើរក្បែរមេទ័ព ដោយមានអង្គរក្សការពារយ៉ាងតឹងតែងបំផុត ។ សកម្មភាពខាងលើគឺដើម្បីការពារខ្លួន ក្រោយក្រុមបាតុកម្មសម្រុកទៅផ្ទះរបស់លោក។
បាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសនេះ បានក្លាយជាការប្រឈមមុខធំបំផុតរបស់ប្រធានាធិបតីLukashenko ក្នុងរយៈពេល២៦ឆ្នាំនៃការកាន់អំណាចរបស់លោក។ ជាមួយគ្នានេះ ក៏ជាការត្រួតពិនិត្យភាពស្មោះត្រង់នៃកម្លាំងសន្តិសុខ ទាហាននៅក្នុងប្រទេសនេះផងដែរ។
ក្រុមបាតុកម្មបានទាមទារឲ្យប្រធានាធិបតីLukashenko លាលែងចេញពីតំណែងហើយរៀបចំការបោះឆ្នោតប្រធានាធិបតីជាថ្មី។ ប្រធានាធិបតីLukashenko ជាអ្នកមានទស្សនៈនយោបាយសិទ្ធិជាមួយរុស្ស៊ី ជាហេតុធ្វើឲ្យលោកខាងលិច មិនពេញចិត្ត ។
នៅពេលនេះរុស្ស៊ីបានបង្ហាញការគាំទ្រដល់ប្រធានាធិបតីLukashenko ដោយចាត់ទុកបាតុកម្ម គឺជាវិបត្តិតាមបែប«វេណេហ្ស៊ុយអេឡា»ដែលមានកម្លាំងលោកខាងលេចជាអ្នកនៅពីក្រោយ។ ចំណែកសហគមន៍អឺរ៉ុបវិញក៏បានចេញសេចក្តីប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅប្រទេស បេឡារ៉ូស៕