រមណីយដ្ឋាន ៣៤កន្លែងក្នុងខេត្តពោធិ៍សាត់ មានតែទឹកជ្រោះច្រកល្អៀង ស្រូបយកភ្ញៀវទេសចរណ៍ច្រើនបំផុត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើភ្ញៀវទេសចរណ៍មកពីតាមបណ្ដាខេត្តនានា ពេលមកដល់ខេត្តពោធិ៍សាត់ ដាក់ចិត្តមុនគេ គឺសំដៅទៅលើទិដ្ឋភាព ភ្នំ 1500 ស្រុកវាលវែងជាពុំខាន។ ព្រោះភ្នំ 1500 បានល្បីរន្ទឺទូទាំងប្រទេស បន្ទាប់ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមថា ជាផ្លូវ«បុប្ផាលាក់ខ្លួន សំណាងថ្មដា វាសនាវាលវែង»។ អ្វីដែលរឹតតែបន្តល្បី សុះសាយទៀតនោះ តាមរយៈបណ្ដាញហ្វេសប៊ុក ដែលតែងតែបង្ហោះរូបភាព ផ្លូវក្រវិចក្រវៀន ដូចអន្ទង់អាំងនិងទេសភាពព្រៃភ្នំ មើលទៅគួរឲ្យទាក់ទាញបំផុត។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ រមណីយដ្ឋាននៅក្នុងខេត្តពោធិ៍សាត់មានចំនួន 34 កន្លែង ភ្ញៀវទេសចរបានទៅលេងកំសាន្តស្ទើរគ្រប់កន្លែងទាំងអស់ ។ ប៉ុន្តែរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ច្រកល្អៀង គឺជារមណីយដ្ឋានមួយដ៏ឈានមុខគេក្នុងចំណោមរមណីយដ្ឋានទាំងអស់ និងមានចម្ងាយប្រវែងប៉ុន្មាន 74 គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ នឹងចំងាយ 41គីឡូម៉ែត្រ ពីផ្សារស្រុកក្រគរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានផ្លូវក្រាលកៅស៊ូដ៏ល្អ នឹងមានផ្លូវក្រាលគ្រួសក្រហម ក្នុងចម្ងាយតែ 7 គីឡូម៉ែត្រប៉ុណ្ណោះ នឹងទៅដល់រមណីយដ្ឋានទឹកជ្រោះច្រកល្អៀង។
សូមបញ្ជាក់ថា ៖ ក្នុងថ្ងៃឈប់សម្រាកសងនឹងប៉ៈប៉ូវ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានបងប្អូនប្រជាពលរដ្ឋបានទៅកំសាន្តនៅទីនោះយ៉ាងច្រើនកោះករបំផុត ហើយសហគមន៍នៅទីនោះបានតម្រូវឲ្យភ្ញៀវទេសចរ ពាក់ម៉ាស លាងដៃនឹងអាកុល ជាមុនសិនដើម្បីការពារជំងឺកូវីដ19 ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
រមណីយដ្ឋានទឹកជ្រោះច្រកល្អៀង មានទីតាំងចតរថយន្ត ដ៏ទូលាយ មានទីធ្លាស្ថិតតាមរបាក់ជ្រោះ វែងអន្លាយ បង្កលក្ខណៈឱ្យភ្ញៀវទេសចរ ទៅលេងបានច្រើន។
សូមរំលឹកថា ៖ ជាធម្មតាគឺមានភ្ញៀវទេសចរ តែងទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកជ្រោះច្រកល្អៀងនេះ ជារៀងរាល់ថ្ងៃ ជាពិសេសច្រើនសំបូរសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍។ បើជាថ្ងៃបុណ្យទានឬចូលឆ្នាំខ្មែរ ចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌវិញ គឺមានប្រជាពលរដ្ឋច្រើនណាស់មកពីគ្រប់ទីកន្លែង មានទាំងភ្ញៀវបរទេសទៀតផង។ ភ្ញៀវទេសចរដែលបានទៅកាន់ទីនោះ ពួកគាត់បានងូតទឹកជ្រោះដ៏ត្រជាក់ ធ្លាក់ពីលើភ្នំ ថ្លាយង់ មានក្បាច់ថ្មតូចធំ ដូចចម្លាក់ មានដើមឈើជាម្លប់ដ៏ត្រឈឹងត្រឈៃ ខ្យល់បក់រហើយត្រជាក់គួរជាទីមនោរម្យបំផុត ។ នៅទីនោះមានលក់ម្ហូបអាហារឆ្ងាញ់ៗដូចជា ៖ មាន់អាំង ត្រីអាំង ប្រហុកដុត មាន់ដុតជាដើម គឺមានតម្លៃសមរម្យ និងមានអនាម័យ ជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់ ការពារបរិស្ថាន សំអាតគ្រប់ទីកន្លែង។ រៀបចំកន្លែងលក់ដូរឱ្យមានរបៀបរៀបរយ និងរៀបចំកាំជណ្ដើរចុះឡើង មានស្ពានឆ្លងពីម្ខាងទៅម្ខាង រៀបចំបន្ទប់ទឹក មានធុងសំរាម មានការដាក់ផ្លាកសញ្ញា ។
រមណីយដ្ឋានទឹកជ្រោះច្រកល្អៀង មាន 8 ដំណាក់ គឺដំណាក់យាយចំអន់តា ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្ដូនដំណាក់ជ្រៃក្រឹម ដំណាក់សុបិន្ត និងដំណាក់ទឹកធ្លាក់។ ភ្ញៀវដែលទៅលេងកម្សាន្តគិតចាប់ពីមនុស្សពេញវ័យឡើងទៅ ក្នុងម្នាក់តម្លៃ 1000 រៀល ចំពោះការផ្ញើម៉ូតូមួយគ្រឿងតម្លៃ 2000 រៀល និងការផ្ញើរថយន្ត ក្នុងតម្លៃមួយគ្រឿង ចាប់ពី 3000 រៀលដល់ 10.000 រៀល។ មិនអនុញ្ញាតឱ្យភ្ញៀវយកភេសជ្ជៈជាប្រភេទដបចូលទៅកាន់ទីនោះទេ និងបានណែនាំអោយទុកដាក់កាកសំណល់ មានរបៀបរៀបរយ តាមទីតាំងធុងសំរាមដែលមានស្រាប់នៅទីនោះ ចៀសវាងបោះចូលក្នុងទឹក គ្មានអនាម័យ និងប៉ះពាល់ដល់បរិស្ថានទឹកជ្រោះដ៏ប្រណិតនេះ។
លោកប្រធានមន្ទីរទេសចរណ៍ និងប្រធានមន្ទីរបរិស្ថាន តែងតែធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងអស់ មេត្តាចូលរួមទាំងអស់គ្នា សម្អាតការពារបរិស្ថាន និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរាតត្បាតនៃជំងឺវីរុសកូវីត19។
សូមជម្រាបជូនផងដែរ រមណីយដ្ឋានទាំង 34 ក្នុងខេត្តពោធិ៍សាត់ ពិតជាបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ បានទៅកម្សាន្តយ៉ាងច្រើនកុះករ ក្នុងនោះមានសុវត្ថិភាព ទទួលបានការយប់ចិត្តទុកដាក់ គ្រប់គ្រងការពារ ពីអាជ្ញាធរសមត្ថកិច្ច ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន ក៏បានសំដៃនៅការរីករាយ រំភើបឥតឧបមា ចំពោះដំណើរកំសាន្តរបស់ជនរួមជាតិ នៅទូទាំងប្រទេស បាទសប្បាយជួបជុំគ្នា ទទួលបានសុខភាពល្អ សុវត្ថិភាព ប្រកាន់ភ្ជាប់ នូវអនាម័យ ពាក់ម៉ាស សំអាតដៃដោយទឹកអាល់កុល អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងមានប្រសិទ្ធិភាព ក្នុងថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 21 ខែសីហាឆ្នាំ 2020 កន្លងទៅនេះ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print