ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជន២នាក់ដែលយកដំបងវាយយុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារខឹងឌឺ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅលើផ្លូវជាតិលេខ១១០ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង ៣០នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទទី១ឈ្មោះ ប៊ុង ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងទី២ឈ្មោះ ផេង លីហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សាឃី វ៉ាន់សូត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ លន ចន្ថា អធិការរងនគរបាលស្រុកស្អាង បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ឈ្មោះ សាឃី វ៉ាន់សូត្រ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ សេ៥០ ជាមួយ ឈ្មោះ ហាក់ ហាគីម និងមិត្តភក្ដិពីរម៉ូតូផ្សេងទៀតមានគ្នាប្រាំនាក់ ចេញពីរមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ត្រឡប់ទៅផ្ទះវិញ ដោយឈ្មោះ ហាក់ ហាគីម ជាអ្នកឌុប ឈ្មោះ សាឃី វ៉ាន់សូត្រ ។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ (ឈ្មោះ ប៊ុង ម៉េងហុង និងឈ្មោះ ផេង លីហេង) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះតាមពីក្រោយ រួចបានយកដំបងឈើទំហំប៉ុនកដៃក្មេង ប្រវែងប្រហែលជិតមួយម៉ែត្រ វាយទៅលើឈ្មោះ សាឃី វ៉ាន់សូត្រ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ រួចបានជិះម៉ូតូគេចខ្លួនបាត់ ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានពាក្យបណ្ដឹងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ហើយក៏នាំខ្លួនជនសង្ស័យឈ្មោះ ប៊ុន ម៉េងហុង និងឈ្មោះ ផេង លីហេង មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន ៕ដោយ៖ឆ ដា
...