ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីករណីជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាក់ស្តែងចំនួន១៦ កញ្ចប់កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះភ័ណ ឡាពីន អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងថ្នា
ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះស៊ុំ ប៊ុនធឿន ស្នាក់នៅបន្ទប់ជួលលេខ៧ ក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពី
វេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ១ ករណីនៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន
ម្នាក់ឈ្មោះភ័ណ ឡាពីន និងធ្វើការឆែកឆេរលើដងខ្លួននៅកន្លែងកើតហេតុ រកឃើញនិងដកហូតសម្ភារវត្ថុតាងមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១២ កញ្ចប់, ទូរស័ព្ទចំនួនមួយគ្រឿង រួចនាំមកកាន់ការិយាល័យជំនាញខេត្តធ្វើការសាកសួរនិងធ្វើតេស្តទឹកមូត្ររកសារធាតុញៀនលទ្ធផលវិជ្ជមាន។
ប្រភពបន្តថា ក្រោយមកជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនដែលខ្លួនលក់ចែកចាយបន្តនេះគឺខ្លួនទិញពីឈ្មោះ ស៊ុំ ប៊ុនធឿន ស្នាក់នៅបន្ទប់ជួលលេខ៧ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងទើបសមត្ថកិច្ចចុះស្រាវជ្រាវដល់បន្ទប់ជួលនិងឃាត់ខ្លួននៅវេលាម៉ោង៥និង៥០នាទីល្ងាច ដោយមានការសម្របសម្រួលពី
លោកឈ៉ីវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅលេខ៧លទ្ធផលនៃការឆែកឆេររកឃើញនិងដកហូតសម្ភារវត្ថុតាងរួមមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៤កញ្ចប់, ម្សៅក្រាមពណ៌លឿងសង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់,
ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង,
ម៉ូតូមួយគ្រឿងនិងទូរស័ព្ទចំនួន២គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាម ច្បាប់៕ យឹម សុថាន