ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានការជ្រើសរើសជាថ្មីពីគណបក្សសាធារណរដ្ឋ សម្រាប់បេក្ខភាពប្រធានាធិបតីនៃការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ តទល់ជាមួយបេក្ខភាពប្រជាធិបតេយ្យគឺលោកចូ បៃឌិន។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែសីហា បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំទទួលបានការជ្រើសរើសជាថ្មីសម្រាប់តំណាងគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២០ ។
ក្នុងពេលនៃការឆ្លងរាលដាលកូវីដ១៩កាន់តែខ្លាំងនៅអាមេរិក គណបក្សសាធារណរដ្ឋនៅតែរៀបចំមហាសន្និបាតបក្សជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែសីហា(ពេលវេលានៅអាមេរិក) ក្នុងទីក្រុង Charlotte រដ្ឋ North Carolina ដើម្បីសម្រេចជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតខាងមុខ ។ លោកត្រាំទទួលបានការគាំទ្រពីសមាជិកបក្សដល់ទៅ១២៧៦សំឡេង ក្លាយជាបេក្ខភាពពេញសិទ្ធិ ក្នុងការបោះឆ្នោតខាងមុខ។
មានប្រសាសន៍នៅក្នុងមហាសន្និបាតបក្ស លោកត្រាំបានលើកឡើងពីសមិទ្ធផលដែលទទួលបានគឺសេដ្ឋកិច្ចជាតិ ការងារធ្វើដល់ពលរដ្ឋ ។ មិនតែប៉ុណ្ណោះលោកត្រាំ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមលួចសន្លឹកឆ្នោត តាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍។ ចំណែកលោក Mike Pence ទទួលបានការគាំទ្រឲ្យធ្វើជាអនុប្រធានាធិបតីជាបន្តទៀត។
កន្លងមក កាលពីថ្ងៃទី១៩ខែសីហា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យជ្រើសរើសជាបេក្ខភាពពេញសិទ្ធិ សម្រាប់ការបោះឆ្នោត ប្រជែងជាមួយប្រធានាធិបតីដូណាល់ត្រាំ ។ ចំណែកបេក្ខភាពអនុប្រធានាធិបតីគឺលោកស្រី Kamala Harris សមាជិកព្រឹទ្ធសភា៕