រឿង«ខេម» កាន់តែជាប្រធានបទ ប្រិយមិត្តតាមដាន ខណៈលាតត្រដាងថា លោក វ៉ា សុធា ជាមន្ត្រីរាជការ ហេតុអីមានឈ្មោះជានាយកក្រុមហ៊ុន..!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះតាមពិតទៅផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវធ្វើព្រឹត្តិការណ៍ឱ្យល្បីលើការនាំយកលោក ព្រាប សុវត្ថិ ពីហង្សមាស។ បែរទៅជាកក្រើករឿងរបស់ «ខេម» ទៅវិញ។
ចំណុចរសើបត្រង់ថា៖ លោក វ៉ា សុធា ជាមន្ត្រីរាជការមុខងារសាធារណៈ និងមានតួនាទីជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ហេតុអីក៏មានឈ្មោះ ជាអគ្គនាយកក្រុមហ៊ុន..! តែលោក វ៉ា សុធា បានបដិសេធ ដោយនិយាយយ៉ាងខ្លីថា៖ «ប្រពន្ធខ្ញុំ​ ម្ចាស់ផលិតកម្មថោន»។

ពេលនេះ «ខេម» កាន់តែវីវរហើយ រឿងចាស់មិនទាន់ដោះស្រាយ ចូលដល់រឿងថ្មីទៀតហើយ។ ព្រោះសំណេរកាលពីយប់មិញឥឡូវនេះ ផលិតកម្មចាស់របស់ខ្លួន បានទាមទារឱ្យ ខេម សូមទោស និងកែតម្រូវលើសំណេររបស់ខ្លួន ដែលសរសេរថៅកែផលិតកម្មចាស់របស់ខ្លួនជាប្រធានមន្ទីរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសំណេរដ៏វែងអន្លាយរបស់ «ខេម» នោះ ឃើញថា ខាងថា អតីតផលិតកម្មសុំឱ្យកែតម្រូវតែមួយចំណុចទេ។

មិត្តអ្នកអានកំពុងឆ្ងល់ថា ក្នុងសំណេរចុកឈាមរបស់ «ខេម» ដ៏វែងអន្លាយនោះ ហេតុអ្វីផលិតកម្មថោនឱ្យកែតម្រូវតែមួយចំណុច? ចុះចំណុចដទៃទៀតជារឿងត្រឹមត្រូវ ឬយ៉ាងណា ទើបមិនទាមទារឱ្យកែតម្រូវ?

អ្នកកំពុងតាមដានសំណុំរឿងនេះ ក៏កំពុងឆ្ងល់ដែរថា ផលិតកម្មថោនច្រានចោលថា លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ដែលជាស្វាមីរបស់លោកស្រី ជួប មាន មិនមែនជាម្ចាស់ផលិតកម្មថោន។ ក៏ប៉ុន្តែនៅក្នុងលិខិតជូនពររបស់បុគ្គលិកនៅផលិតកម្មថោនដែលបានធ្វើនាពេលកន្លងទៅ បានដាក់តួនាទីលោក វ៉ា សុធា ជាអគ្គនាយកក្រុមហ៊ុនថោន។

ក្រៅពីតួនាទីដែលបានបង្ហាញក្នុងលិខិតជូនពររបស់បុគ្គលិកថោននេះទៅ គេក៏បានឃើញផងដែរថា ក្នុងសារជូនពររបស់លោក វ៉ា សុធា ទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិនាពេលកន្លងទៅ ក៏បានដាក់តួនាទីរបស់លោក ជាអគ្គនាយករបស់ក្រុមហ៊ុនថោនផងដែរ។

ដូច្នេះតើការសរសេររបស់ «ខេម» ថា លោក វ៉ា សុធា ជាមេរបស់គេជាការខុសឆ្គង ឬក៏ការប្រើតួនាទីរបស់លោក វ៉ា សុធា ក្នុងលិខិតជូនពរថ្នាក់ដឹកនាំនាពេលកន្លងទៅខុស?

ក្រៅតែពីការបញ្ជាក់តាមរយៈសារជូនពរនេះទៅ ក្នុងក្រុមហ៊ុនថោននាពេលកន្លងទៅ គេក៏តែងតែឃើញវត្តមានលោក វ៉ា សុធា ផងដែរ តើលោក វ៉ា សុធា ទៅលេង ឬយ៉ាងណា?

លិខិតបដិសេធរបស់ផលិតកម្ម ត្រូវបានគេមើលឃើញថា ជាការកំពុងស្វែងរកកំហុសផ្នែកច្បាប់ ដើម្បីដាក់បន្ទុកទៅលើ «ខេម»។

តែទោះជាយ៉ាងណា អ្នកដែលបានដឹងរឿងក្នុងផលិតកម្ម បានលើកឡើងថា ការលើកឡើងរបស់ «ខេម» មិនខុសនោះឡើយ។ មិនខុសត្រង់ថា បើទោះក្នុងលិខិតចុះបញ្ជិការផលិតកម្មដាក់ឈ្មោះរបស់លោកស្រី ជួប មាន ជាភារិយារបស់លោក វ៉ា សុធា ក៏ដោយចុះ តែគេអាចទៅសួរបុគ្គលិកនៅក្នុងក្រុមហ៊ុនថោនទាំងអស់ទៅមើលថា តើនរណាមិនហៅលោក វ៉ា សុធា ថាជា «មេ» នោះ?

សំណុំរឿងរបស់ «ខេម» ម្ចាសដឹកដមសំឡេងដែលធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេញចិត្តតាមរយៈបទ «ព្យាណូបាក់ខ្ទង់» និងអតីតផលិតកម្មរបស់ខ្លួន គឺកំពុងតែក្តៅ និងកក្រើកឡើងហើយ។

គេរង់ចាំមើលថា តើលទ្ធផលរវាងអ្នកចម្រៀងសំឡេងស្អក និងផលិតកម្មដែលមានថៅកែជាអ្នកមានធនធានស្តុកស្តម្ភនៅកម្ពុជាមួយរូបនឹងទៅជាយ៉ាងណា?៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print