អភិបាលខណ្ឌចំការមនចុះពិនិត្យវិធានការពារជំងឺកូវីដ-១៩ នៅផ្សារAeon

ចែករំលែក៖

ភ្នំពេញ ៖ ជាការគិតគូរពីសុខសុវត្ថិភាព និងប្រសិទ្ធភាពនៃវិធានការពារជំងឺ COVID-19 ដល់ប្រជាពលរដ្ឋដែលចូលផ្សារទំនើប អ៉ីអនម៉ល សាខាទី១ តាមការអំពាវនាវរបស់រាជដ្ឋាភិបាល នៅរសៀលថ្ងៃអង្គារ​ ៧កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានចុះត្រួតពិនិត្យអំពីវិធានការពារ​ និងទប់ស្កាត់ជំងឺកូវីដ~១៩​ នៅក្នុងបរិវេណផ្សារទំនេីបអ៉ីអនម៉ល​ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារស​ ភូមិ៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានសង្កេតឃើញថា ផ្សារមានការគ្រប់គ្រងបានល្អ ក្នុងការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដោយនៅតាមច្រកចេញ~ចូលផ្សារ ប្រមាណ១៤ច្រក ខាងផ្សារបានដាក់បុគ្គលិកប្រចាំ ដោយមានបាញ់អាល់កុលលាងដៃ មានវាស់កម្តៅ ម៉ាស៊ីនស្គេនកម្តៅតាមប្រព័ន្ធកុំព្យូទ័រ គ្រប់ច្រកចូលទាំងអស់ ។

ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានណែនាំដល់អ្នកគ្រប់គ្រង អ្នកមើលការខុសត្រូវ ចូរបង្កើនការយកទុកដាក់បន្ថែមទៀត ចំពោះបុគ្គលិកបម្រើការនៅក្នុងផ្សារ ពិសេសអាជីវករលក់ដូរក្នុងផ្សារឱ្យមានការប្រុងប្រយ័ត្នបន្ថែមលើវិធានដែលខាងផ្សារបានដាក់បម្រើ ដូចជាទឹកអាល់កុលលាងដៃ មុននឹងចូលក្នុងហាង ឬចូលកន្លែងលក់ម្ហូបអាហារ ។

លោកអភិបាលខណ្ឌ បានទទូចសុំឱ្យអ្នកមើលការខុសត្រូវផ្សារ ដើរប្រាប់ដល់អតិថិជន ឬភ្ញៀវចូលហាង សូមកុំមានការជួបជុំគ្នាច្រើនគ្នា ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕ ដោយ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print