ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហើយ ព្យាយាមបណ្ដើរម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌប្រទះឃើញ និងមានការសង្ស័យក៏ឃាត់សាកសួរទើបដឹងថាជាចោរកាត់កម៉ូតូគេ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង១៥នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៨៤កែងមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុន វ៉ាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ(មិនទាន់សួរនាំបាន ព្រោះជនសង្ស័យឋិតក្នុងស្ថានភាពង៉ាងថ្នាំនៅឡេីយ) ដកហូតម៉ូតូ០១គ្រឿងម៉ាក SUZUKI VIVA ពណ៏ខ្មៅស្លាកលេខ ភ្នំពេញ1AD-1480 ។
មន្ត្រីកងរាជអាវុធហត្ថដដែរ បានបន្តទៀតថា នៅវេលាម៉ោងខាងលេី មានប្រជាពលរដ្ឋ រស់នៅម្តុំផ្លូវ១៨៤បានរាយការមកកម្លាំងយេីងថាមានជនសង្ស័យម្នាក់ ភេទប្រុស មានភិនភាគដូចខាងលេី បានដេីរទៅដេីរមកតាមបណ្តោយផ្លូវ១៨៤ពីលិចមកកេីតគួរអោយសង្ស័យ ។ ភ្លាមនោះកម្លាំងល្បាតយេីងបានចុះទៅដល់ក៏ឃេីញជនសង្ស័យកំំពុងបណ្តើរម៉ូតូ១គ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1AD-1480 តាមបណ្តោយផ្លូវ១៨៤ពីកេីតទៅលិច បន្ទាប់មកកម្លាំងបានហៅជនសង្ស័យអោយឈប់ ស្រាប់តែជនសង្ស័យបានផ្តួលម៉ូតូចោលហេីយរត់គេចខ្លួនដល់ចំណុចផ្លូវ១៨៤កែងមុន្នីវង្សក៏ត្រូវបានកម្លាំងយេីងឃាត់ខ្លួនយកមកកងរាជអាវុធហត្ថដូនពេញតែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថាខ្លួនបានយកលួចម៉ូតូពីម្តុំក្រោយវាំងតែមិនចាំទីតាំងនោះទេ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនបន្តទៅទីញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕
...
ដោយ៖ ស ដារ៉ា