មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ កំណត់តំបន់ប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានយល់ បានដឹងពី ដីអាស្រ័យផល ដីតំបន់អភិរក្សការពារ គឺថ្មីៗនេះ មន្រ្តីឧទ្យានុរក្សនៃតំបន់ទេសភាពបន្ទាយឆ្មារ បានចុះកំណត់ទីតាំងដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល ប្រើប្រាស់ឧបករណ៍កំណត់ទីតាំង( GPS) នៅចំណុចភូមិថ្នល់ ឃុំគោកខ្ពស់ និងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំ ស្តីពីការប្រើឧបករណ៍កំណត់ទីតាំង (GPS) សម្រាប់យកទៅអនុវត្តក្នុងការកំណត់រកទីតាំងព្រំប្រទល់ដីប្រជាពលរដ្ឋ ដើម្បីឲ្យដឹងថាតើ ដីនោះស្ថិតនៅក្នុង ឬក្រៅតំបន់ការពារធម្មជាតិ។ បន្ទាប់មក ក្រុមការងារបានចុះទៅពិនិត្យទីតាំងដែលត្រូវបានរាយការណ៍មកថា មានការលួចកាប់រុករានទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅចំណុចភ្នំចាន់ក្រហម ដើម្បីឈានទៅកំណត់អត្តសញ្ញាណជនសង្ស័យ។

ដោយឡែ ពាក់ព័ន្ធនឹងការងារល្បាតជាប្រចាំវិញនោះ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានចុះល្បាតទៅតាមគោលដៅប្រចាំការ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់រាល់សកម្មភាពល្មើសដែលអាចកើតមាន។ ស្ថិតក្នុងរដូវភ្លៀងធ្លាក់នេះ ការងារល្បាតមានភាពលំបាកច្រើន ដោយត្រូវប្រឈមនឹងសភាពផ្លូវពិបាកធ្វើដំណើរ និងបញ្ហាសម្រាកយាមពេលយប់ជាដើម ពិសេសប្រសិនបើមានភ្លៀងធ្លាក់។ តែទោះបីជាយ៉ាងណា មន្រ្តីឧទ្យានុរក្សនៅតែបន្តការងាររបស់ខ្លួនជាប់ជានិច្ច ទោះត្រូវជួបឧបស័គ្គក្ដី។ យ៉ាងណាមិញ ភ្លៀងធ្លាក់ជោគជាំនារយៈពេលចុងក្រោយនេះ បាននាំឲ្យរុក្ខជាតិតូចធំរីកស្រស់ ចេញផ្លែផ្កា គួរឲ្យចង់ទស្សនាផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print