ខេត្តមណ្ឌលគិរី៖ដើម្បីជម្រះឧបទ្រុបចង្រៃ ដែលកើតមានអោយចេញឆ្ងាយពីភូមិឃុំ ស្រុក ប្រជាពលរដ្ឋ មកពីចំនួន២គឺ ឃុំប៊ូស្រា និងឃុំស្រែអំពូម និមន្តព្រះសង្ឃប្រោស ព្រហ្មតាមដងផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ៤ ខែកុម្ភះ នេះ ដោយមានជំនឿថា ការសូត្រមន្ត ប្រោសព្រហ្ម នោះអាចនាំមកនូវសេចក្តីសុខ ចំរើនដល់ប្រជាពលរដ្ឋ។
ការបង្កើតអោយមានក្បួនដង្ហែរនិងសូត្រមន្ត តាមផ្លូវតាមផ្ទះ ប្រជាពលរដ្ឋនេះ បើតាមការអោយដឹងពីលោក អាយ សេងហៃ ជាប្រធានការិយាល័យធម្មការនិងសាសនា ស្រុកពេជ្រាដា បានអោយដឹងថា ការធ្វើបែបនេះដោយសារឆ្នាំនេះមានហេតុការណ៍អាក្រក់កើតឡើងច្រើន ក្នុងស្រុក ដូចជា មានបាក់ស្ពានអូរផ្លាយ មានមនុស្សស្លាប់ ព្រមទាំង គ្រោះភ័យផ្សេងៗកើតឡើងជាបន្តបន្ទាប់។ ហើយការធ្វើបែបនេះពួកគាត់ជឿថា និងជួយកាត់ គ្រោះចង្រៃក្នុងភូមិ-ឃុំរបស់ពួកគាត់ កុំអោយកើតមានទៀត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការនិមន្តព្រះសង្ឃប្រោសព្រហ្មតាមដងផ្លូវ និងផ្ទះប្រជាពលរដ្ឋនេះគឺបានធ្វើឡើង ស្ទើរគ្រប់ផ្ទះ និងផ្លូវ ហើយប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ បានដង្ហែរមកជួបជុំគ្នាត្រង់ចំណុចអូរផ្លាយ នៅទីតាំងអាស្រមរបស់លោកតាអូរផ្លាយ ដែលប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរីតែងតែមានការគោរពបូជា៕
ដោយ៖ ឦសាន