ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ដោយសារខ្យល់គរនៅលើឡំប្រឺតាខណៈកំពុងជិះទៅរករថយន្តតាក់សុីដើម្បីជិះទៅផ្ទះនៅឯស្រុកកំណើតវិញក្នុងខេត្តកំពង់ចាម។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ៦ ខាងមុខហាងនំប៉័ងភ្នំពេញខាងកើតរង្វង់មូលតាព្រហ្ម ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះដែលខ្យល់គរស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវយឺតដៃវែង
ពណ៌ប្រផេះ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះបានចុះពីលើរថយន្តតាក់ស៊ី ឈប់នៅច្រមុះជ្រូកស្ទឹងមានជ័យហើយបានតថ្លៃឡំប្រឺតាក្នុងតម្លៃ២ម៉ឺនរៀលជិះមកជ្រោយចង្វា ក្នុងគោលបំណងរករថយន្តតាក់ស៊ីជិះទៅស្រុកកំណើតវិញនៅឯខេត្តកំពង់ចាម។នៅពេលធ្វើដំណើរឡើងស្ពានជ្រោយចង្វាបានបន្តិចក៏បានប្រាប់អ្នករត់ឡំប្រឺតាថាគាត់មិនស្រួលខ្លួនណែនទ្រូង ហើយត្រូវបានអ្នកបើកឡំប្រឺតាដឹកទៅដល់កន្លែងកើតហេតុប្រុងឡើងជិះរថយន្ត ស្រាប់ដាច់ខ្យល់ស្លាប់នៅលើឡំប្រឺតាតែម្តង។
បន្ទាប់ពីកើតហេតុសពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តកៀនឃ្លាំងដើម្បីត្រួតពិនិត្យ ហើយសមត្ថកិច្ចបានឱ្យដឹងថាបុរសរូបនេះស្លាប់ដោយសារតែគាំងបេះដូង។បច្ចុប្បន្នសពជនរងគ្រោះកំពុងតម្កល់នៅឈាបនដ្ឋានវត្តកៀនឃ្លាំងរង់ចាំបងប្អូននាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជ្រោយពេជ្រ