នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចាបានព្រមានចាត់វិធានការទៅលើក្រុមបាតុករ ដោយចោទប្រកាន់ក្រុមបាតុករកំពុងតែ បំបែកបំបាក់សង្គម និងបង្កឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ។
នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា «ប្រសិនបើអ្នកទាំងអស់គ្នា បន្តសកម្មភាពបំបែកបំបាក់បែបនេះ ប្រទេសជាតិនឹងដួលរលំជាមិនខាន ប្រទេសជាតិនឹងធ្លាក់ក្នុងសមុទ្រភ្លើង នៃអំពើហិង្សា »។
បច្ចុប្បន្នថៃប្រឈមនឹងរលកបាតុកម្មជាពិក្រុមបញ្ញវន្ត សិស្សនិស្សិត ប្រមាណជាង១០ពាន់នាក់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា លាលែងចេញពីតំណែង និង កែទម្រង់រដ្ឋធម្មនុញ្ញ បោះឆ្នោតជាថ្មី។ កន្លងមក លោកប្រយុទ្ធ បានលើកឡើងថា ការទាមទាររបស់ក្រុមបាតុករមិនអាចបំពេញតាមបានឡើយ។
កាលពីថ្ងៃទី ២៦ខែសីហាកន្លងមកកម្លាំងប៉ូលិសថៃចាប់មេដឹកនាំក្រុមយុវជនសេរីដឹកនាំបាតុកម្ម គឺលោកTattep Ruangprapaikitseree និង Panumas Singprom ។ សកម្មភាពខាងលើនឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង ហើយក្រុមយុវជនថៃបានប្រកាសថានឹងធ្វើមហាបាតុកម្មនៅថ្ងៃទី១៩ខែកញ្ញា ជាពេលវេលាដែលអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវកម្លាំងទាហានថៃធ្វើរដ្ឋប្រហារនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦ បង្ខំឲ្យលោកថាក់ស៊ីនត្រូវភៀសខ្លួននយោបាយទៅក្រៅប្រទេសរហូតមកទល់ពេលនេះ៕ ដោយ៖ធីរីណា