ភ្នំពេញ៖ បើតាមរូបភាពផ្តិតដោយ MP Maxx, Piak Lim, Vong Visal និងអត្ថបទដោយ៖ Piak Lim «ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា»។
ការទស្សនាថ្ងៃរះនាប្រាសាទព្រះវិហារ ប្រៀបបានឋានតុសិត បានមកប្រដិស្ឋានអោយយើងបានឃើញច្បាស់នៅនឹងភ្នែក នូវទស្សនីយភាពដ៏អស្ចារ្យជាមួយនិងពន្លឺពណ៌មាស ចែងចាំងលើភ្នំហ៊ុំព័ទ្ធទៅដោយលំហូរនៃពពក ក្រោមចង្កេះភ្នំប្រាសាទព្រះវិហារ ទិដ្ឋភាពទាំងនេះហើយអោយយើងប្រៀបប្រាសាទព្រះវិហារទៅនឹងឋានសួគ៌នៃអាទិទេព ដូចទៅនឹងអ្វីដែលបុព្វបុរសយើងបានសាងថ្វាយចំពោះព្រះអាទិទេពព្រះនាមព្រះស្រីសិខរីស្វរៈ ដែលប្រែថា អាទិទេពនៃកំពូលភ្នំ នោះមែន។
ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូង នៅដើមសតវត្សទី៩ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) រហូតដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ។
ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) បានសសេរថា ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ ជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។
ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍ ។
ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទកភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប្រាសាទព្រះវិហារជាមោទនភាពដល់ធំធេង ឧត្តុងឧត្តមរបស់ខ្មែរលើគ្រប់វិស័យ និងជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរ នៃការគ្រប់គ្រង ដ៏ល្អប្រសើរមួយ ដែលមានទ្រឹស្តីពិតប្រាកដនិយម មានចក្ខុវិស័យល្អខ្ពង់ខ្ពស់ ជាសក្ខីភាពនៃសេចក្តីអង់អាចក្លាហាន ពូកែរបស់ខ្មែរចេះបន្តវេនគ្នាឱ្យមានចីរភាព។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីដ៏ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៅអាស៊ីអាគ្នេយ៍ ។
ប្រាសាទព្រះវិហារត្រូវបានសម្រេចដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា នាថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយអង្ការ UNESCO៕
ដោយ៖ សិលា