ខេត្តសៀមរាប៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី “ការបង្ការ ទប់ស្កាត់អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារ” ដែលសហការរៀបចំដោយអង្គការ APLE ក្រោមអធិបតីភាពលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ «ខេមរាអង្គរ »ខេត្តសៀមរាប។
សិក្ខាសាលានេះ មានការធ្វើបទបង្ហាញស្ដីពី ស្ថានភាពការត្រួតពិនិត្យសាវតារជនល្មើសផ្លូវភេទកុមារ ហានិភ័យតាមអ៊ីនធឺណិត និងការអនុវត្តច្បាប់ទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ព្រមទាំងការត្រួតពិនិត្យលើខ្លឹមសារមេរៀន ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា។
ខ្លឹមសារមេរៀនសម្រាប់ថ្នាក់បឋមសិក្សាមានដូចជា ការចែករំលែកព័ត៌មានអនឡាញ ការរុករកព័ត៌មានលើអ៊ីនធឺណិត ជនចម្លែកតាមអនឡាញ និងការឆ្លើយតបចំពោះហានិភ័យ។ ខ្លឹមសារមេរៀនសម្រាប់ថ្នាក់មធ្យមសិក្សាមានដូចជា ប្រព័ន្ធអ៊ីនធឺណិត និងការប្រឈមចំពោះហានិភ័យផ្សេងៗតាមអនឡាញ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត ការឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត និងការលើកកម្ពស់ចំណេះដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត៕
ដោយ៖ សិលា