ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អន្តរាគមន៍ពលករខ្មែរម្នាក់គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ពលករខ្មែរ ម៉ាន សូទី អាយុ២២ឆ្នាំ ដែលបានមកធ្វើការខុសច្បាប់ជាជាងដេរខោអាវ នៅរដ្ឋ Johor បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដោយបានជិះម៉ូតូទៅបុករនាំងចិញ្ចើមផ្លូវបណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ បាក់ឆ្អឹងខ្នង និងឆ្អឹងទ្រូង (ប៉ះពាល់សួតធ្ងន់ធ្ងរ) ត្រូវការវះកាត់ជាបន្ទាន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Pakar Sultanah Fatimah នៃរដ្ឋJohor។

មន្ទីរពេទ្យបានតម្រូវឱ្យបង់ប្រាក់កក់ជាមុនសិនចំនួន ១០០០០ រីងហ្គីត (ប្រមាណ២៥០០ ដុល្លារអាមេរិក) ហើយគ្រូពេទ្យនឹងតាមដានសុខភាពរបស់អ្នកជម្ងឺរហូតដល់សួតរបស់គាត់ដំណើរការល្អឡើងវិញទើបកំណត់ថ្ងៃវះកាត់។ ដោយមានជីវភាពក្រីក្រខ្លាំង ភរិយារបស់ពលករ ឈ្មោះ កុំរី អាំម៉ី បានស្នើ សុំស្ថានទូតអន្តរាគមក្នុងការជួយបង់ថ្លៃវះកាត់ និងព្យាបាល។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងតំណាងអង្គការ Elshaddai Center បានចុះសួរសុខទុក្ខពលកររងគ្រោះ នៅ មន្ទីរពេទ្យ ហើយស្ថានទូតបានធ្វើកំណត់ទូតទៅមន្ទីរពេទ្យស្នើសុំបន្ធូរបន្ថយថ្លៃវះកាត់ និងការព្យាបាល។
ស្ថានទូត​បានឧបត្ថម្ភថវិកាខ្លះជូនភរិយារបស់ពលកររងគ្រោះផងដែរ។ បន្ទាប់ពីបានពិភាក្សាជាមួយ ស្ថានទូត និងគ្រូពេទ្យ អង្គការ Elshaddai Center បានសន្យាពិនិត្យលទ្ធភាព ក្នុងការជួយឧបត្ថម្ភថ្លៃវះកាត់ ព្យាបាលដល់ពលករខាងលើ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print