(គ.ប.ផ.ក) អំពាវនាវឱ្យសាធារណជន ចូលរួមផ្តល់ព័ត៌មានអំពីទីតាំង ផលិត ចែកចាយផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតដែលបន្លំធ្វើសមត្ថកិច្ចជំនាញ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) សូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា ក្នុងគោលដៅ ការពារ និងថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម ចំពោះការប្រើប្រាស់ផលិតផល ដែលកំពុង ចរាចរក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការ គ.ប.ផ.ក បានពិនិត្យឃើញថា មានផលិតផល ក្លែងក្លាយ ខុសច្បាប់ ខូចគុណភាព ហួសសុពលភាពប្រើប្រាស់ បន្លំគុណភាព បន្លំការវេចខ្ចប់ ឬស្តុកទុកមិន – ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ទាំងផលិតផលក្នុងស្រុក និងនាំចូល រួមទាំងផលិតផលកែច្នៃ ដោយគ្មានការ អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ហើយបានកំពុងបន្ទំលក់ និងចរាចរនៅលើទីផ្សារ ជាមួយផលិតផល ពិតមានច្បាប់អនុញ្ញាតត្រឹមត្រូវបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដែលជា ហានិភ័យសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ។ ជាមួយគ្នានេះដែរនាពេលថ្មីៗមានក្រុមទុច្ចរិតបានបន្លំ និងតាំងខ្លួនជាសមត្ថកិច្ចមកពី គណៈកម្មាធិការ គ.ប.ផ.ក ក្នុងន័យបង្កាច់បង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាពក្រោមរូបភាពគំរាម និងជំរិតរកលាភសក្ការៈពីម្ចាស់អាជីវកម្មនានា ជាហេតុនាំឲ្យមានការយល់ច្រឡំដល់មតិសាធារណជន និងក្រសួង-ស្ថាប័ននានា ដែលកំពុងអនុវត្តតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។ សូមបញ្ជាក់ថា ការចុះបំពេញការងាររបស់សមត្ថកិច្ច មកពីគណៈកម្មាធិការ គ.ប .ផ.ក ត្រូវមានលិខិតបង្គាប់ការចេញដោយ ប្រធានគណៈកម្មាធិការ និងការសហការ ពីស្ថាប័នពាក់ព័ន្ធបង្កើតជាក្រុមការងារ ដោយមិនមានការចុះជាបុគ្គលនោះទេ។ ដើម្បីរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ការចរាចរផលិតផល ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឬសកម្មភាពទុច្ចរិតខាងលើ អោយមានប្រសិទ្ធិភាព គណៈ កម្មាធិការ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ផលិត ការចែកចាយផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតទាំងអស់នោះមកយើងខ្ញុំ នៅរៀងរាល់ ម៉ោងធ្វើការតាមរយៈ អាសយដ្ឋាននៅ លេខាធិការដ្ឋាន នៃ គ. ប.ផ. ក អគារ H ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ ឬ លេខទូរស័ព្ទបន្ទាន់ +៨៥៥ ៨៥ ៩៧១៩៧១ និងតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook Page) “គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee” ដើម្បីចុះពិនិត្យ ស្រាវជ្រាវ តាមដានស៊ើបអង្កេត និងឈានដល់ការចុះអនុវត្តនីតិវិធីនៃច្បាប់ដោយសហការ ជាមួយសមត្ថកិច្ច នៃក្រសួង -ស្ថាប័នពាក់ព័ន្ធ។ រាល់ព័ត៌មានរបស់សាធារណជនទាំងអស់ ដែលបញ្ជូនមកគណៈកម្មាធិការយើងខ្ញុំគឺ នឹងត្រូវបាន រក្សាទុកជាការសម្ងាត់ និងតាមសំណូមពររបស់សាមីខ្លួន៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print