កសិករខេត្ដពោធិ៍សាត់ងាកមកដាំដំណាំស្ពៃក្រញាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងអំឡុងវិបត្ដិកូវីដ-១៩

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្ពៃក្រញាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរនិយមឃើញនៅលើទីផ្សារ ហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។
កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយហ្លួង ស្រុក
កណ្តៀង ខេត្តពោធិ៍សាត់ បានចែករំលែកអំពីសក្តានុពលនៃដំណាំប្រភេទនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ សីហានេះថា ផ្ទៃដី៦អារដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀបចំដី, គ្រាប់ពូជ, ជីទ្រាប់បាត, ទុយយោទឹកស្រោចស្រព, ការវេចខ្ចប់ និងការចំណាយផ្សេងៗ គឺគាត់បានចំណាយថ្លៃដើមសរុបចំនួនប្រមាណ ជា៣៨៥.០០០រៀលក្នុងការដាំដំណាំមួយវគ្គៗ។
កសិករ តាន់ សេងលីបញ្ជាក់ថា ដំណាំស្ពៃក្រញាញ់នេះ គឺជាប្រភេទដំណាំដែល ដាំហើយឆាប់បានប្រមូលផល ដោយចាប់ពីដាំរហូតបានផលគឺប្រើរយៈពេលត្រឹមតែមួយខែបន្តិចបន្តួចប៉ុណ្ណោះ ។
កសិកររូបនេះបានបញ្ជាក់ទៀតថា ដំណាំស្ពៃក្រញាញ់នេះជាដំណាំដែលអាចដាំរយៈពេលតែ៣៥ ទៅ៤០ថ្ងៃប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និងទទួលបានទិន្នផលសរុប១.៤៤០ គ.ក្រ ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងមូយគីឡូក្រាមស្ពៃក្រញាញ់អាចលក់បានក្នុងតម្លៃប្រមាណជា២.៥០០រៀលជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារគឺ ៣.០០០រៀល/គ.ក្រ។
លោកបានចែករំលែកថា នៅលើផ្ទៃដីទំហំ៦អារ និងត្រូវចំណាយថ្លៃដើមជិត ៤០០.០០០រៀលនេះ គឺលោកអាចទទួលចំណែកផលចំណេញបានចំនួនរហូតដល់ទៅ ៣.២១៥.០០០រៀលក្នុងពេលដំាមួយវគ្គ ។
លោកបានបន្តទៀតថា ក្រៅពីដំណាំនេះ លោកនៅមានដាំដំណាំបន្ថែមផ្សេងៗទៀតផងដែរ ដូចជា ខាត់ណាដើមនៅលើផ្ទៃដី៤អារ ដំណាំត្រឡាចលើផ្ទៃដី៣អារ, ដំណាំសាឡាត់លើផ្ទៃដី៣អារ និងត្រកួនលើផ្ទៃដី២អារផងដែរ។ រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែលើកទឹកចិត្តនិងជំរុញព្រមទាំងគាំទ្រឲ្យ ប្រជាពលរដ្ឋផ្តោតការយកចិត្តទុកដាក់ទៅលើដំណាំកសិកម្ម ខណៈដែលវិស័យផ្សេងៗទៀត ដែលជាប្រភពចម្បងរបស់សេដ្ឋកិច្ច ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម ក៏ដូចជា វិស័យសេវាកម្មផ្សេងៗទៀតកំពុងតែរងនូវវិបត្តិនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលមកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានរាយការណ៍ថា បានរីករាលដាលនិងឆ្លងដល់មនុស្សប្រមាណជាជាង ២៤លាននាក់និងសម្លាប់មនុស្សជាង ៨២១.០០០ នាក់ហើយនោះ ។
កម្ពុជានៅមានសក្តានុពលធំធេងសម្រាប់អភិវឌ្ឈវិស័យកសិកម្ម ប៉ុន្តែកន្លងមក កម្ពុជានៅតែនាំចូលបន្លែមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកដែលគេដឹងថា មានទំហំរហូតដល់ទៅប្រមាណជា ១.០០០ តោននៅក្នុងមួយថ្ងៃ ។
តាមសេចក្តីរាយការណ៍របស់មន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ធ្លាប់បានចែករំលែកជាមួយនឹងអ្នកសារព័ត៌មាន គឺថា កាលពីមុនពេលជំងឺកូវិីដ-១៩រាតត្បាត កសិករនៅក្នុងស្រុកអាចមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារបានតែ៦០០តោនទេ តែ៤០០តោនទៀត គឺនាំចូលពីវៀតណាម ថៃ និងចិន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះតួលេខនៃការនាំចូលអាចនឹងរួមថយ ដោយសារតែរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើការអភិវឌ្ឈនិងគាំទ្រកសិករឲ្យធ្វើកសិកម្ម ។
មកដល់ពេលនេះក្រៅពីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក កសិករកម្ពុជាមួយចំនួនក៏នៅមានឱកាស និងសមត្ថភាពអាចដំាដំណាំនាំចេញទៅកាន់អឺរ៉ុប ហើយនៅមានផលិតផលកសិកម្មដែលនៅក្នុងនោះមានបន្លែផងសរុប១៨មុខបាននាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ ។ ទំនិញកសិកម្មទាំង១៨មុខដែលកម្ពុជាអាចនាំចេញទៅកូរ៉េបានគឺមានគ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម តំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត តំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។
ក្រៅពីទីផ្សារក្រៅប្រទេសទាំងនេះ តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជាក៏កំពុងតែរៀបចំស្នើសុំការនាំចេញផលិតផលកសិកម្មកម្ពុជាពីរប្រភេទទៀតទៅកាន់ទីផ្សារកូរ៉េ  ខណៈ ទីផ្សារកសិកម្មកម្ពុជានៅចិនក៏កំពុងតែពង្រីកផងដែរ ដូចជាអង្ករ ដំឡូងមីស្ងួត ពោត ចេក ហើយក៏កំពុងតែខិតខំពង្រីកទីផ្សារនៅជប៉ុន និងប្រទេសជាច្រើនទៀត ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print