រថយន្តតូយ៉ូតាព្រូសថ្មីសន្លាងមួយគ្រឿងពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តតូយ៉ូតាព្រូស ពណ៌សថ្មីសន្លាងមួយគ្រឿងមិនទាន់មានស្លាកលេខ ត្រូវម្ចាស់បើកទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ រីឯរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រហែលជាង១០០ ម៉ែត្រទៀតដាច់កាឡេកង់ទៅមុខលែងរួច។

​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២០ នៅចំណុចខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តToyota prius ពណ៌សមួយគ្រឿងថ្មីសន្លាងមិនទាន់មានស្លាកលេខ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តមិនទាន់អស់ល្បឿនទៅមុខប្រមាណជាង១០០ម៉ែត្រដាច់កាឡេកង់មុខខាងឆ្វេងនិងរងការខូចខាតយ៉ាងដំណំ​ និងទៅមុខលែងរួច។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print