អតីតកីឡាករក្លិប Aston Villa, Manchester City, Everton ខ្សែបម្រើ Gareth Barry បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅអាយុ៣៩ឆ្នាំកាលពីម្សិលមុិញ។
Barry ដែលបានចំណាយពេល៣រដូវកាលជាមួយក្លិប West Bromដោយបង្ហាញខ្លួនបាន៨៣៣ដងអំឡុងអាជីព ២២ឆ្នាំរបស់គាត់ ដែលបានបំបែកកំណត់ត្រាជាកីឡាករដែលលេងនៅ Premier League ច្រើនជាងគេមួយរូបផងដែរ។
គាត់គឺជាអតីតកីឡាករក្រុម Manchester City ដែលធ្លាប់បានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០១១ និងធ្លាប់ឈ្នះជើងឯក Premier League នៅឆ្នាំបន្ទាប់។ Barry ក៏រកបាន៥៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសចន្លោះឆ្នាំ២០០០ និងឆ្នាំ២០១២ ។
គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Aston Villa នៅខែឧសភា ឆ្នាំ១៩៩៨ និងជាកីឡាករដំបូងដែលឈានដល់ការបង្ហាញខ្លួនបាន៦០០ដងដែលចាប់ផ្តើមនៅក្នុងការប្រកួត។
កាលពីខែកញ្ញា ឆ្នាំ២០១៧ គាត់បានបំបែកកំណត់ត្រារបស់កីឡាករខ្សែបម្រើ Ryan Giggs តាមរយៈការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League លើកទី៦៣ក្នុងការបរាជ័យរបស់ក្រុម West Brom ២-០ នៅលើទឹកដីក្រុម Arsenal នៅឯកីឡដ្ឋាន Emirates ។ Barry ក៏កាន់កំណត់ត្រាទទួលបានកាតលឿងនៅ Premier League ច្រើនផងដែរ ។
គាត់ធ្លាប់ធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសម្តងក្នុងការប្រកួតមិត្តភាពជាមួយប្រទេសអេហ្ស៊ីបក្នុងឆ្នាំ២០១០ និងជាផ្នែកមួយនៃក្រុមតោកំណាចអង់គ្លេសសម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០០០ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១០។ ខ្សែបម្រើរូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២០០០ របស់អង់គ្លេសផងដែរ ពោលគឺជាគ្រាប់បាល់នាំមុខទល់នឹងក្រុមស៊ុយអែតកាលពីខែវិច្ឆិកា ឆ្នាំ២០១១៕ដោយ៖ភារៈ