ក្រុមតោខៀវបានបញ្ជាក់កាលពីថ្ងៃសុក្រថា កីឡាករជើងចាស់សញ្ជាតិប្រេស៊ីល Thiago Silva បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំបន្ទាប់ពីខ្សែការពារកណ្តាលបានបញ្ចប់កុងត្រាជាមួយក្រុម Paris Saint-German ។
កីឡាករ Silva វ័យ៣៥ឆ្នាំបានចាកចេញពីក្លិបយក្សបារាំងមួយនេះបន្ទាប់ពីពួកគេបានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី២៣ ខែសីហា។ គាត់បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំដោយក្លិបមានជម្រើស១២ខែទៀតដើម្បីបន្តកិច្ចសន្យានេះ។
កីឡាករជើងចាស់រូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមតោខៀវ Chelsea ។ ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្រុមដ៏គួរឱ្យរំភើបរបស់លោក Frank Lampardសម្រាប់រដូវកាលក្រោយ ហើយខ្ញុំនៅទីនេះដើម្បីប្រជែងយកកិត្តិយស” ។
ក្រុមតោខៀវ Chelsea បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៤នៅ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ប៉ុន្តែបានចាញ់ក្រុម Arsenal ។
គួររំលឹកថា Silva ធ្លាប់បានធ្វើជាប្រធានក្រុម Paris Saint-Germain, AC Milan និងក្រុមជម្រើសជាតិប្រេស៊ីល។ គាត់បានក្លាយជាសមាជិកសំខាន់របស់ក្រុម Paris Saint-Germain ដោយឈ្នះពានរង្វាន់ចំនួន២៣ជាមួយក្រុមក្នុងកំឡុងពេល៨ឆ្នាំរបស់គាត់ ដោយគ្មានកីឡាករណាឈ្នះលីកកំពូលបារាំងច្រើនជាងកីឡាកររូបនេះឡើយគឺរហូតដល់៧ដង កាលពីគាត់នៅក្លិបយក្សបារំាងខាងលើ៕ដោយ៖ភារៈ