ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងបើកដោយបុរសម្នាក់បានបុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាកឡិចសុីសLX-570មួយគ្រឿងបណ្តាលឱ្យខូចខាតយ៉ាងខ្លាំង តែមិនមាននរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថី វិមានឈ្ន=ឈ្នះ កែងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចសុីស LX-570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3388 បើកដោយបុរសម្នាក់តាមបណ្តោយមហាវិថី វិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ហើយរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 3A-0976បើកនៅខាងក្រោយរថយន្ត ឡិចសុីសខាងលើស្របទិសគ្នា ខណៈដែលរថយន្តទាំងពីរមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តធុនធំបុកកៀររថយន្តឡិចសុីសLX-570 វិលមួយជុំរួចឡើងសួនច្បារពុះចែកទ្រូងផ្លូវ ចំណែកឯរថយន្តធុនធំមិនឈប់ដើម្បីដោះស្រាយទេ បែរជាជាន់ហ្គារបន្តដំណើទៅមុខទៀត រហូតបានចម្ងាយប្រហែល១គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្តរួមទាំងតៃកុងផងដែរ។ បន្ទាប់មកម្ចាស់រថយន្តឡិចសុីសក៏ទៅដោះស្រាយជាមួយតៃកុងឡានធំតែដោះស្រាយមិនត្រូវគ្នា។សូមបញ្ជាក់ថាក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។
ភាគីខាងរថយន្តស៊េរីទំនើបម៉ាកឡិចសុីសLX-570 បាននិយាយថា រថយន្តរបស់គាត់បើធ្វើការជុះជុលគឺតម្លៃមិនក្រោម១០មុឺនដុល្លារអាមេរិកនោះទេ។ ចំណែកភាគីខាងរថយន្តធុនធំគឺគាត់មិននិយាយអ្វីទាំងអស់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងជំនាញបានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែង និងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោយស្រាយគ្នានៅពេលក្រោយតាមនីតិវិធីតាមច្បាប់៕ដោយ រ៉ារ៉ា