ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស កញ្ចប់ថវិការអភិវដ្ឍន៍សេដ្ឋកិច្ចមានទឹកប្រាក់១៥ពាន់លានអឺរ៉ូ ជួយដល់វិស័យឧស្សាហកម្ម។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីម៉ាក្រុង បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចគឺមានរយៈពេលវេងដល់ទៅ១០ឆ្នាំ។
លោកម៉ាក្រុងបន្តទៀតថាគម្រោងខាងលើនឹងកំណត់គោលដៅជួយឲ្យប្រទេសបារាំងមានឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ និងកាន់តែខ្លាំងជាងនេះនៅឆ្នាំ២០៣០។ ការសម្រេចចំណាយប្រាក់ដ៏ច្រើនខាងលើ ក្រោយពេលបារាំងប្រឈមការឆ្លងរាលដាលកូវីដ១៩ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
បើតាមអាជ្ញាធរសុខាភិបាលបារាំង បូកបញ្ចូលករណីឆ្លងថ្មីខាងលើ អ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ២៦៧,០០០នាក់ហើយ ខណៈអ្នកស្លាប់ក៏បានកើនដល់ជិត ៣០,៦០០នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មីៗ ២០នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដូចគ្នា។ ចំណែកឯអ្នកជំងឺ ៨៦,១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺជាង ១៥០,៣០០នាក់កំពុងបន្តសម្រាកព្យាបាល។
ប្រទេសបារាំងបានដាក់ចេញនូវ វិធានការបិទប្រទេសយ៉ាងតឹងរឹង កាលពីខែមីនា ដែលប្រជាជនភាគច្រើន ត្រូវបានបង្ខាំងឲ្យសម្រាកនៅផ្ទះ ហើយវិធានការរឹតត្បិតនេះ ត្រូវបានដកចេញបណ្ដើរៗ ចាប់តាំងពីថ្ងៃទី១១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីអត្រាឆ្លង COVID-19 បានធ្លាក់ចុះយ៉ាងខ្លាំង។
គួរបញ្ជាក់ថា អត្រាឆ្លងបានកើនឡើងវិញយ៉ាងរហ័ស បន្ទាប់ពីប្រទេសបារាំងសម្រេចចិត្ត បើកភោជនីយដ្ឋាន, សារមន្ទីរ, និងផ្សារទំនើបឡើងវិញ ដែលអត្រាឆ្លងនេះបានធ្វើឲ្យមាន ការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយខ្លាចក្រែងវាបង្ខំឲ្យរដ្ឋាភិបាលបារាំង ពិចារណាក្នុងដាក់ចេញនូវ វិធានការបិទប្រទេសសារជាថ្មីម្ដងទៀត៕