ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកស្រី MIYAHARA Ai អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនថ្មី (JICA) និងលោក SHIMODAIRA Takayuki មន្រ្តីជាន់ខ្ពស់ថ្មី របស់ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះ ក្នុងនាមលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ពេជ្រ វាសនា បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹក ទាំងផ្នែកធនធានមនុស្ស និងវិស័យផ្សេងៗទៀត ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈលោកស្រី MIYAHARA Ai អនុប្រធានថ្មី JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យមកទល់សព្វថ្ងៃ ។
លោកស្រីអនុប្រធានថ្មី JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់កិច្ចសហការ និងទំនាក់ទំនងបានយ៉ាងល្អជាមួយទីប្រឹក្សាបច្ចេកទេស JICA ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ជំនាញការជប៉ុនប្រចាំគម្រោង ដែលបង្កឲ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តិទៅដោយរលូន និងសម្រេចបានតាមផែនការកំណត់។
លោកស្រីអនុប្រធានJICA ថ្មី ប្រចាំកម្ពុជា បានជម្រាបជូនថា JICA បាននឹងកំពុងពិនិត្យលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសថ្មីចំនួនពីរ ដែលបានស្នើសុំដោយ ក្រសួងធនធានទឹក និងឧតុនិយម ហើយបានចាត់ទុកថា ជាគម្រោងអាទិភាពក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២១ ខាងមុខ មានដូចខាងក្រោម ៖
១. គម្រោងរៀបចំស្តង់ដាបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹក (Development of Cost-effective Standards Design Documents for Irrigation and Drainage Systems)
២. គម្រោងបណ្តុះបណ្តាលមន្ត្រីជំនាញនៅប្រទេសជប៉ុនលើផ្នែកគ្រប់គ្រងធនធានទឹកនៅតាមអាង (Country Training Project)
លោកអនុរដ្ឋលេខាធិការ ពេជ្រ វាសនា ក្នុងនាម លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសន្យាផ្តល់កិច្ចសហការឲ្យបានល្អជាមួយទីប្រឹក្សាបច្ចេកទេស JICA ប្រចាំក្រសួងធនធានទឹក និងឧតុនិយម និងជំនាញការប្រចាំគម្រោង ដើម្បីសម្រេចបានគោលដៅដែលបានគ្រោងទុក ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងមន្ត្រីជំនាញ JICA ទាំងនៅទីក្រុងតូក្យូ ទាំងនៅរាជធានីភ្នំពេញ ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អក្នុងការជួយដល់កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពនៅកម្ពុជា ដែលចូលរួមចំណែកដល់គោលនយោបាយជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ៕
ដោយ៖ សុខ ខេមរា