ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់លីបង់ក្នុងរយៈពេលមិនដល់មួយខែផង ដើម្បីជួយដល់ប្រទេសនេះធ្វើការកែទម្រង់រៀបចំរដ្ឋាភិបាល។
នៅថ្ងៃទី៣១ ខែសីហា លោកម៉ាក្រុង បានជួបជាមួយ លោកស្រីFairouz អាយុ៨៥ឆ្នាំជាតារាចម្រៀងដ៏ល្បីល្បាញបំផុតក្នុងពិភពអារ៉ាប់។ លោកស្រីគឺជាតំណាងនៃសាមគ្គីភាពរបស់ប្រទេសលីបង់។
ក្រុមបាតុករលីបង់ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខផ្ទះតារាចម្រៀងដ៏ល្បីល្បាញខាងលើ ដោយមានស្លាកបដាសរសេរថា «មិនមានអ្នកសម្លាប់មនុស្សនៅក្នុងរដ្ឋាភិបាលឡើយ»។ក្រុមបាតុករក៏បានស្រែកពាក្យថា«គ្មាន Adib» គឺសំដៅទៅលើឯកអគ្គរដ្ឋទូតលីបង់ប្រចាំនៅអាល្លឺម៉ង់ លោក Mustapha Adib ដែលត្រូវបានប្រធានាធិបតីតែងតាំងធ្វើជានាយករដ្ឋមន្ត្រីមុនពេលប៉ុន្មានម៉ោង ដែលលោកម៉ាក្រុងបានទៅដល់។
ក្រោយពីជួបជាមួយ លោកស្រី Fairouz លោកម៉ាក្រុង បានលើកឡើងថា«ខ្ញុំបានសន្យាជាមួយលោកស្រីFairouz ក៏ដូចជាពលរដ្ឋ លីបង់ថា ខ្ញុំនឹងមិនបោះបង់ចោលប្រទេសនេះឡើយ»។
នេះជាដំណើរទស្សនកិច្ចលើកទីពីរហើយរបស់ប្រធានាធិបតីបារាំងចាប់តាំងពីការផ្ទុះគីមីនៅថ្ងៃទី៤ខែសីហា សម្លាប់មនុស្ស ១៩០នាក់និងជាង៦ពាន់នាក់រងរបួស៕ដោយ៖ធី រីណា