ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមេតុងទីនដ៏ល្បីឈ្មោះប្រចាំផ្សារទឹកថ្លា ឈ្មោះ ប៉ាន មុនីរ័ត្ន ដែលឆបោកប្រាក់កូនតុងទីនរាប់ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន គឺមេតុងទីនឈ្មោះប៉ាន មុនីរ័ត្ន ត្រូវបានលោក សម ឫទ្ធីវាសនា ចោទប្រកាន់ជាផ្លូវការហើយ ពីបទ ឆបោក ខណៈជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរមេតុងទីនរូបនេះ មុននឹងសម្រេចថាតើឃុំខ្លួនឬមិនឃុំខ្លួន ខណៈលេចឮព័ត៌មានថាមានគេកំពុងរត់ការខ្វាត់ខ្វែងដើម្បីឱ្យមានការដោះលែង មេតុងទីនរូបនេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេតុងទីន ប៉ាន មុន្នីរ័ត្ន អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិគ្រឺះមង្គលមុនីសិរី ផ្លូវលំភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈទឹកប្រាក់ដែលឈ្មោះ ប៉ាន មុនីរ័ត្ន និង ប្តីឈ្មោះសុផា តុល បានប្រមូលពីកូនតុងទីនយកទៅចាយហ៊ឺហាខ្លួនឯងនោះមានចំនួនជាង២០ម៉ឺនដុល្លារ ដែលចំនួននេះគឺមានដើមបណ្តឹងតែ៥នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យប្តឹង ។ ចំណែកកូនតុងទីនរាប់សិបនាក់ទៀត មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយទេ។
ពាក់ព័ន្ធនឹងសំណុំរឿងមេតុងទីននេះ គឺ ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះប៉ាន មុនីរ័ត្ន និង ប្តី សុផា តុល បានធ្វើជាមេតុងទីនមានក្បាល៥០ដុល្លារក្បាល១០០ដុល្លារ ក្បាល២០០ដុល្លារ មានដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែ ដោយក្បាលខ្លះមានកូនតុងទីនចាប់ពី៧០នាក់ រហូតដល់១៣០នាក់ ដែលភាគច្រើនជាអាជីវករលក់ដូរក្នុងផ្សារទឹកថ្លា និងអ្នកភូមិ។
តុងទីននេះដំណើរការរហូតមកដល់ចុងឆ្នាំ២០១៩ ដោយកូនៗបង់លុយរហូតមក។ លុះមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលមានកូនតុងទីន៥នាក់ ត្រូវប្រមូលប្រាក់មកវិញ ស្រាប់តែមេតុងទីនឈ្មោះប៉ាន មុន្នីរ័ត្ន និងប្តី សុផា តុល បានគេចខ្លួនបាត់រហូតមក ទើបម្ចាស់លុយសម្រេចដាក់ពាក្យប្តឹង ។
ក្រោយមក មេតុងទីន ប៉ាន មុនីរ័ត្ន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ខណៈកូនតុងទីនសំណូមពរឱ្យតុលាការកុំដោះលែងជននេះ ព្រោះគេមានបំណងគេចវេះមិនសងប្រាក់កូនតុងទីនឡើយ ។ បើមានការដោះលែងមែន គឺមេតុងទីនរូបនេះ ប្រាកដជាគេចខ្លួនបាត់ស្រមោល ទៀតហើយ ៕ ដោយ ចេស្តា