ព្រហើនមែន…! លោកផ្កាយ២ ឃិន ម៉េងស្រេង ប្រើគ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថានរាប់រយហិកតា នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោកផ្កាយ២ យោធា ឃិន ម៉េងស្រេង នៅតែគឃ្លើននឹងច្បាប់ ការហាមឃាត់របស់ក្រសួងពាក់ព័ន្ធ ខណៈបុគ្គលដ៏សំបូររឿងអាស្រូវនៃបទល្មើស ឥឡូវហ៊ានប្រើឈ្មោះនាយឧត្តមសេនីយ៍ ក្នុងជួរកងទ័ព ដើម្បីយកគ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន ស្របពេលដែលក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចុះអង្កេតរឿងរំលោភដីធ្លី លួចយកដីរដ្ឋរាប់ពាន់ហិកតានោះ ។

គេបានរាយការណ៍មកថា៖ ដីព្រៃរាប់សិបហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំ  ង ត្រូវបានឈូសឆាយធ្វើកម្មសិទ្ធិផ្ទាល់ខ្លួលបានដោយរលូន ក្រោមលេសថាបានសិទ្ធិពីរដ្ឋាភិបាល វិនិយោគលើវិស័យអេកូទេសចរណ៍ធម្មជាតិ ប៉ុន្តែមន្ត្រីជំនាញបរិស្ថានថា ពុំទាន់ឃើញឯកសារផ្លូវច្បាប់នៅឡើយទេ។

 លោក ឃិន ម៉េងស្រេង បែជាឈូសឆាយព្រៃដុតឡើងវាលអស់ហើយ និងដាំដើមធុរេនជំនួស ក្នុងគោលបំណងយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំនួតថាខ្លួនមានងារជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ក្រសួងការពារជាតិមួយរូបនោះ ដើម្បីបន្លាចមន្ត្រីនៅខេត្តមណ្ឌលគិរី ប្រយោជន៍ឆក់យកឱកាសឈូសឆាយដីព្រៃដែលអភិរក្សការពារដោយបរិស្ថាន។

សូមបញ្ជាក់ថា៖ ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើក

ឡើងថា ដីព្រៃការពារជាច្រើនរបស់រដ្ឋក្នុងខេត្តមណ្ឌលគិរី ភាគច្រើនត្រូវបានបុគ្គលមានអំណាចរំលោភយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ និងបានរកឃើញថាមានមន្ត្រីរដ្ឋបាលខេត្ត ស្រុក ឃុំ រហូតដល់ទៅ២៤នាក់ពាក់ព័ន្ធ។ និង បានបង្កើតគណៈកម្មការអន្តរក្រសួងថ្នាក់ជាតិ ចុះទៅធ្វើការស្រាវជ្រាវវាស់វែង ដើម្បីសម្រេចថាដីអាស្រ័យផលបែបណាត្រូវកាត់ឆ្វៀលជូនពលរដ្ឋ ក្រៅពីនោះត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋវិញ ឬមានការអនុវត្តបន្តតាមនីតិវិធីផ្លូវតុលាការ ចំពោះអ្នកពាក់ព័ន្ធ។ 

ដោយឡែកលោក ឃិន ម៉េងស្រេង ដែលអួតអាងថាមេរបស់ខ្លួនទទួលបានសិទ្ធិវិនិយោគពីរដ្ឋនោះទាំងពុំទាន់មានឯកសារបញ្ជាក់ត្រឹមត្រូវពីក្រសួងបរិស្ថាន ក៏ដូចជាឯកសារអនុប្បយោគ ដី និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលផងទេ បែរប្រើអំណាចឃុបឃិតជាមួយមន្រ្តីបរិស្ថានមួយចំនួន ឈូសឆាយដីព្រៃអភិរក្សអស់រាប់រយហិកតា យកធ្វើកម្មសិទ្ធិមិនខ្វល់ពីច្បាប់ ដូចពាក្យថា៖ ទម្រាំរកខុសត្រូវផ្លូវច្បាប់ ព្រៃឈើរាប់រយហិកតាត្រូវរងការឈូសឆាយបំផ្លាញព្រៃយកជាកម្មសិទ្ធបុគ្គល។

ពាក់ព័ន្ធករណីនេះ លោក កែវ សុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអោយអង្គភាព«នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថា ដីខាងលើនេះលោក ឃិន ម៉េងស្រេង គាត់និយាយថាជារបស់ដីថ្នាក់លើ តែដល់លោករាយការណ៍សួរទៅនាយឧត្តមសេនីយ៍នោះ គាត់ថាមិនដឹង មិនពាក់ព័ន្ធជាមួយលោក ឃិន ម៉េងស្រេង ទេ។ លោកបន្តថា៖ ដីឈូសឆាយកន្លែងណាក៏ដោយ ឮតែលោក ឃិន ម៉េងស្រេង យកឈ្មោះថ្នាក់លើមកប្រើរហូត។ ដល់ពិនិត្យជាក់ស្តែងជំហានដំបូងមានដីទំហំ១៤ហិកតា ស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរិស្ថាន គ្រាន់តែលោក ឃិន ម៉េងស្រេង លើកហេតុផលថាទិញពីបងប្អូនជនជាតិ កន្លែងខ្លះមានដាំស្វាយចន្ទី ហើយបច្ចុប្បន្នឈូសឆាយដាំធុរេន។

លោក កែវ សុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ទៀតថា៖ លោកកំពុងធ្វើកិច្ចការនេះ សហការជាមួយខាងអង្គការបរិស្ថាន ផ្នែកអភិរក្សដើម្បីចុះមើលពីលើអាកាស ឱ្យបានម៉ត់ចត់ មិនអនុញ្ញាតឱ្យរំលោភបំពានយកដីគ្រប់គ្រងដោយបរិស្ថានឡើយ ។ លើកលែងតែចំណុចដែលមានករណីឆ្វៀលចេញពីការគ្រប់គ្រងពីបរិស្ថាន។ 

ពាក់ព័ន្ធករណីនេះ អង្គភាព «នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេពីលោកផ្កាយ២ ឃិន ម៉េងស្រេង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល។

សូមរំឮកថា៖ លោកផ្កាយ២ ឃិន ម៉េងស្រេង ជាជនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកន្លងទៅដែលគណៈកម្មការជាតិ ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ កសាងសំណុំទៅតុលាការ ឈានដល់របូតតំណែងពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី នោះទៀតផង ខណៈគាត់នៅបន្តប្រព្រឹត្តមិនរាងចាល ដល់រឿងប្រើគ្រឿងចក្រឈូសឆាយដីតំបន់អភិរក្សការពាររបស់បរិស្ថានរាបរយហិកតាថែមទៀត ។ ចាំមើលជំនាញ អាជ្ញាធរ សមត្ថកិច្ច ស្ថាប័ន គិតយ៉ាងណាចំពោះបុគ្គល លោកផ្កាយ២ ឃិន ម៉េងស្រេង ទៅតាមផ្លូវច្បាប់ ៕

IMG_2193

Video Player

00:00
02:21
Video Player

00:00
00:13

               

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print