បណ្តាប្រទេសមហាអំណាចនៅតំបន់អឺរ៉ុបបានបញ្ជាក់ថានឹងបន្តសហការជាមួយរុស្ស៊ីនិងចិន ដើម្បីរក្សាកិច្ចព្រមព្រៀងបរមាណូ បើទោះបីអាមេរិកបានដកខ្លួនចេញជាឯកតោភាគីក្តី។
មហាអំណាចតំបន់អឺរ៉ុបមាន បារាំង អាល្លឺម៉ង់ អង់គ្លេស បានចូលរួមជាមួយចិននិងរុស្ស៊ី បង្ហាញពីសាមគ្គីភាព ដើម្បីរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ បើទោះបីរងគំនាបពីរដ្ឋាភិបាលរបស់លោកត្រាំក្តី។ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីកាលពីឆ្នាំ២០១៨ ហើយបន្តដាក់ទណ្ឌកម្មទៅលើអុីរ៉ង់។
នៅថ្ងៃទី២ ខែកញ្ញានេះ ប្រធានាធិបតី Hassan Rouhani បានអរគុណដល់បណ្តាប្រទេស ដែលបានចុះកិច្ចព្រមព្រៀង៥+១ ស្តីពីបរមាណូកាលពីឆ្នាំ២០១៥ និង គម្រោងធ្វើសកម្មភាពរួមជាទ្រង់ទ្រាយ(JCPOA) ដែលបានបន្តរក្សាកិច្ចព្រមព្រៀង។ មិនតែប៉ុណ្ណោះប្រទេសតំបន់អឺរ៉ុប រួមជាមួយរុស្ស៊ីនិងចិនបានថ្កោលទោសយ៉ាងខ្លាំងដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើអីុរ៉ង់។
នៅពេលនេះមិនមែនជាប្រទេស៥+១ទៀតឡើយគឺ ៤+១ កំពុងតែខិតខំជួយស្រោចស្រង់កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ដោយមិនមានអាមេរិក។ ក្រុមប្រទេស៤+១បានចេញសេចក្តីប្រកាសយ៉ាងច្បាស់គាំទ្រដល់កិច្ចព្រមព្រៀងJCPOA ហើយអាមេរិកគ្មានសិទ្ធិបំផ្លាញកិច្ចព្រមព្រៀងទាំងនោះឡើយ៕