ការចុះបញ្ឈប់ទីតាំងជួសជុលរថយន្តធុនធំនេះ សមត្ថកិច្ចចម្រុះបានធ្វើឡើងនៅល្ងាច ថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតផ្លូវចូលទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ។ក្នុងប្រត្តិបតិការ ខាងលើដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីអន្តរវិស័យខេត្ត រដ្ឋបាលក្រុងសេរីសោភ័ណ រដ្ឋបាលឃុំអំបិល និងមេភូមិគោរដ្ឋានផងដែរ ។
សមត្ថកិច្ចចម្រុះបានធ្វើការអះអាងថា ទីតាំងជួសជុលរថយន្តធុនធំរបស់ឈ្មោះឆាយ ឈាន ត្រូវបានបិទតាំងពីលើកទី៣មកម្ល៉េះ តែម្ចាស់យានដ្ឋាននេះនៅផ្គើននិងប្រព្រឹត្តដដែល ហើយនៅ ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២០ នេះមន្ត្រីចម្រុះបានចុះមកបិទអាជីវកម្មនិងដាក់បញ្ញាតិតឹងរ៉ឹងតែម្តងដោយលែងយោគយល់ទៀតហើយ។
លោកសារី តំណាងឲ្យរដ្ឋបាលខេត្តមានប្រសាន៍ប្រាប់ឲ្យដឹងថា៖ ក្រោយពីការចុះពិនិត្យលើទីតាំងជាក់ស្ដែងរួចមកក្រុមការងារបានសង្កេតឃើញថានៅមានសកម្មភាពកែច្នៃនិងដំឡើងរថយន្តថ្មីចំនួន៤គ្រឿងបន្តទៀតដែលផ្ទុយពីខ្លឹមសារនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទម្រង់និងមាត្រាទី៥២ បានចែងថាគ្រប់យានដ្ឋានជួសជុលយានយន្ដនិងយានដ្ឋានកែច្នៃដំឡើងយានយន្តត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃផងដែរ។
លោកលី សារី ក៏បានបញ្ជាក់ទៀតថាការគ្រប់គ្រងយានយន្តជួសជុលនិងយានដ្ឋានកែច្នៃដំឡើងយានយន្តត្រូវបានកំណត់ដោយអនុក្រឹត្យ ក្រោយពីពិនិត្យរួចហើយក្រុមការងារបានបន្តសម្រេចបិទនិងបញ្ឈប់សកម្មភាពទាំងអស់ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ ។ក្នុងករណីនៅតែមានបន្តសកម្មភាពជួសជុលនិងដំឡើងកែច្នៃរថយន្តទៀតនោះនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានការ។
លោកលី សារី បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលខេត្តបានសម្រេចបញ្ឈប់ការជួសជុលរបស់យានដ្ឋានលោកឆាយ ឈាន នោះគឺបន្ទាប់ពីមានឧបទ្ទវហេតុជាច្រើនលើក។ក្នុងនោះឧបទ្ទវហេតុចុងក្រោយមួយទៀតគឺកាលពីល្ងាចថ្ងៃទី ២១ខែមីនា ឆ្នាំ២០២០ មានរថយន្ដធំ១គ្រឿងដែលទើបជួសជុល និងកែច្នៃរូចរបស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះ បានភ្លេចភ្ជាប់ឬដាច់ហ្វ្រាំងបានថយទៅបុកចំទ្វារចូលនៃបណ្ណាគារបន្ទាយស្រី បង្កខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារជាច្រើននិងក៏បានធ្វើឲ្យម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុត ផងដែ៕ដោយ៖វណ្ណា