ខេត្តត្បូងឃ្មុំ ៖ កុមារអាយុ២ឆ្នាំម្នាក់បានធ្លាក់ពីសំយាបបចង្រ្កានបាយចំអាងទឹកបណ្តាលឱ្យឈ្លក់ទឹកស្លាប់ដោយគ្មាននរណាបានឃេីញ ខណៈម្ដាយចេញទៅទិញម្ហូប ។
ប្រភពព័ត៌មានបានឱ្យដឹងថា កុមាររងគ្រោះឈ្មោះអឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ អំឡុងម៉ោង១៤:៣០នាទី នៅចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទស្រី អាយុ២១ឆ្នាំ ស្ថិតក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យោងតាមកំណត់ហេតុសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះសែម ស៊ីណែត ត្រូវជាម្ដាយកុមាររងគ្រោះបានចេញទៅទិញម្ហូប ហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯង។ តាមការសន្និដ្ឋាន កុមាររូបនេះដើរលើសំយាបចង្រ្កានបាយដែលប្រក់ស័ង្កសីធ្វេីឱ្យផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង ។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់ប្រាកដមែន ពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ ។ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ