វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន ត្រូវបានប្រារព្ធពិធីបើកវគ្គនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២

ចែករំលែក៖

ខេត្តបាត់ដំបង៖ កងការពារព្រំដែនលេខ៥០២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែលឈរជើង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តោតលើកងអង្គភាពតាមបន្ទាត់ព្រំដែន ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ តាមទីតាំងទទួលខុសត្រូវឱ្យបានច្បាស់លាស់ សម្រាប់តួនាទីរបស់ខ្លួន មិនត្រូវធ្វេសប្រហែសឡើយ ត្រូវរៀនសូត្របង្កើនសមត្ថភាព និងត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់ ទើបធានាបាននូវគុណភាពរបស់សិក្ខាកាម និងយោធាចារ្យ

មេបញ្ជាការយោធភូមិភាគទី៥ បានបន្តជម្រុញដល់សិក្ខាកាម ឱ្យប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អប្រសើរ និងផ្តល់ការណែនាំនូវចំណុចសំខាន់ៗមួយចំនួនដូចជា ត្រូវវការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាត ត្រូវសហការល្អជាមួយសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋាន, ត្រូវទប់ស្កាត់នូវរាល់បទល្មើសតាមបន្ទាត់ព្រំដែនឱ្យបានល្អ, ត្រៀមកម្លាំងប្រយុទ្ធ និងប្រយុទ្ធក្នុងពេលមានយថាហេតុកើតឡើង, ត្រូវទំនាក់ទំនងសហប្រតិបត្តិការល្អ តាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ រវាងភាគីថៃ, និងចូលរួមចំណែកអភិវឌ្ឍតាមបណ្តោយព្រំដែនឱ្យរីកចម្រើន។

ក្រោយពីមានមតិយោបល់ចូលរួមពិភាក្សា ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានមានប្រសាសន៍កោតសរសើរដល់អង្គភាពកងព្រំដែនលេខ៥០២ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកម្លាំងទាំងអស់ដែលបានហាត់រៀន និងរបៀបពិធីការក្នុងអង្គភាពបានល្អ។ បន្ថែមពីនោះ អង្គភាពត្រូវត្រៀមកម្លាំងជាប់ជានិច្ច រក្សាបានកម្លាំងទ័ព ក្តាប់បាន នូវសភាពការណ៍កើតឡើងជាយថាហេតុក្នុងមូលដ្ឋាន ក៏ដូចតាមបន្ទាត់ព្រំដែន និងត្រូវរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យគ្រប់ពេលវេលា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print