ចម្លាក់ប្រអប់ព្រះហស្តឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយត្រូវបានប្រទះឃើញនៅខាងត្បូងប្រាសាទបាយ័ន

ចែករំលែក៖

ខេត្តសៀមរាប៖ ចម្លាក់ប្រអប់ព្រះហស្តព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ត្រូវបានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន។ ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។

តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្តព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្តខាងស្តាំដាក់ផ្កាប់លើភ្លៅសំយុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្តឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្តទៅលើ។

ការសន្និដ្ឋានថាជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន រួមមាន ព្រះអង្គឥន្ទ្រទេពនិងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា។

រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជាសំណង់ខឿនព្រះពុទ្ធសាសនា ដ្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្តនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានសហការជាមួយស្ថាបន័មានសមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួលនិងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕សសម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print