ដើម្បី​បញ្ចៀស​ការរំខាន​ភ្ញៀវទេសចរ​ ប្រធាន​ផ្នែក​ដោះស្រាយ​វិវាទ ស្នើ​ឲ្យ​កម្មករ​និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា

ចែករំលែក៖

ភ្នំពេញ​៖ ​លោក ផេង ឆេង​លី ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប បានស្នើ​ឲ្យ​ក្រុមកម្មករ និង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ចរចា​គ្នា ជៀសវាង​បង្ក​ការរំខាន​ដល់​អ្នកដទៃ​និង​ប៉ះពាល់​កិត្តិយស​រៀងខ្លួន​។ ការលើកឡើង​បែបនេះ ដោយសារ​លោក​ឃើញ​ភាគី​ទាំងពីរ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ រួមទាំង​បង្ក​សំឡេង​រំខាន​ដល់​ភ្ញៀវទេសចរ​។
ជុំវិញកម្មករ​ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​កាត់​ប្រាក់​ឈ្នួល បាននាំគ្នា​តវ៉ា រួមទាំង​ប្រើ​ឧបករណ៍​កងរំពង​រំខាន ដល់​ក្រុមហ៊ុន និង​ភ្ញៀវទេសចរ​នៅ​តំបន់​នោះ តាមរយៈ​ការចាក់​សំឡេង​ហែសព កាលពី​ថ្ងៃទី​២ កញ្ញា​។​
លោក លឹម សុ​ផាប្រធានសហជីព​របស់​កម្ម​ករ​ក្រុមហ៊ុន​ភូមិ​វប្បធម៌ បាន​ឆ្លើយតប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកថា ៖ ការចាក់​សំឡេង​ហែសព​នេះ គឺ​ចង់បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​នូវ​ការបាត់បង់​សិទ្ធិសេរីភាព​និង​អត្ថប្រយោជន៍​របស់ខ្លួន​។ ជាមួយគ្នា​ដែរ លោក អះអាងថា ភាគី​ក្រុមហ៊ុន​ក៏បាន​យក​ឧបករណ៍​បន្លឺសំឡេង​បើក​ចម្រៀង​ខ្លាំងៗ​ប្រណាំងប្រជែង​ជាមួយ​ក្រុម​លោក​វិញ​ដែរ​។

​ដោយឡែកមានភាគី​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ភូមិ​វប្បធម៌​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកផងដែរ កាលពីម្សិលមុិញ ពីសកម្មភាព​ទាមទារ​និង​បង្ក​សំឡេង តាមរយៈ​ការចាក់​ភ្លេង​ហែសព​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​។
លោកលើឡើងទៀតថា​៖ «​កន្លងមក​ក្រុមហ៊ុន​មិនដែល​បញ្ឈប់​បុគ្គលិក​ឡើយ​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ គឺ​គ្រាន់តែ​កាត់​ប្រាក់​ឈ្នួល​២០​ភាគរយ​និង​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ ការ​កាត់​ប្រាក់​នេះ ក្រុមហ៊ុន​ក៏បាន​បន្ថយ​ម៉ោង​ធ្វើការ​១​ម៉ោង​កន្លះ​ដែរ ហើយ​កាត់​ប្រាក់ខែ​តែ​អ្នកទទួលបាន​ប្រាក់ខែ​២០០​ដុល្លារ​ឡើង​ប៉ុណ្ណោះ​។ ក្នុងដំណាក់កាល​រង​វិបត្តិ​កូ​វីដ​-១៩​នេះ ក្រុម​អ្នក​ទាមទារ​គួរ​យល់​ដល់​ក្រុមហ៊ុន​ផង​»​។
លោកបន្តថា៖ ភាគី​ក្រុមហ៊ុន​ក៏បាន​ចេញ​លិខិត​ឲ្យ​បុគ្គលិក​ដែល​តវ៉ា​ចូល​បំពេញការងារ​វិញ ប៉ុន្តែ​ក្រុម​អ្នក​ទាមទារ​មិន​ព្រម​។ បើតាម​បុគ្គលិក​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​រូបនេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​បានកំណត់​ថ្ងៃ​ចរចា​ហើយ គឺ​ថ្ងៃទី​៩ ខែកញ្ញា​ខាងមុខ​។​

​ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប​លោក ផេង ឆេង​លី ពាក់ព័ន្ធ​នឹង​វិវាទ​នេះ លោកបានបញ្ជាក់ថា ៖កន្លងមក​ក្រុមការងារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​អាជ្ញាធរ​ខេត្តសៀមរាប បាន​ចុះ​សម្របសម្រួល​ហើយ តែ​ភាគី​ទាំងពីរ​នៅតែ​មិន​ត្រូវរ៉ូវ​គ្នា ទើប​បណ្ដាល​ឲ្យ​រឿងនេះ​នៅ​អូសបន្លាយ​។ លោកថា៖ ការដាក់​សំឡេង​ប្រណាំងប្រជែង​គ្នា​នេះ បើ​ភាគី​ទាំងពីរ​មិនបាន​សុំច្បាប់​អនុញ្ញាត​គឺ​ខុស​ទាំងសងខាង​។ ភាគី​ទាំងពីរ​គួរ​ចូល​ចរចា​គ្នា​តាម​សន្តិវិធី មិនគួរ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​ទាមទារ​មិន​ចប់​មិន​ហើយ​ឡើយ ការមិន​ព្រម​ជជែក​សម្រួល​គ្នា​វា​មានតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រៀងខ្លួន​និង​បង្ក​ការរំខាន​ដល់​អ្នកដទៃ​»។
សូមបញ្ជាក់ថា៖ ក្រោយ​ការព្រមាន​ណែនាំ​ពី​អាជ្ញាធរ​នេះ ក្រុមកម្មករ​ដែល​បន្ត​នាំគ្នា​តវ៉ា លែង​ធ្វើ​សកម្មភាព​ចាក់​សំឡេង​រំខាន​គ្នា​ទៀតហើយ ខណៈ​ភាគី​ក្រុមហ៊ុន​បន្តធ្វើ​ការងារ​ធ​ម្ម​តា នៅ​ថ្ងៃទី​៣ កញ្ញា​នេះ​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print