ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរឃាត់ខ្លួន ខណៈដែលជនសង្ស័យម្នាក់នេះធ្វើសកម្មភាព គាស់ផ្ទះគេមិនទាន់បានសម្រេចផងក៏ត្រូវប្រជាពលរដ្ឋជិតខាងបានឃើញទាន់ស្រែកចោរៗ នាំគ្នាព្រួតវាយអោយរបួសធ្ងន់ ទើបប្រគល់ជូនប៉ូលីសចាត់ការតាមច្បាប់។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៦ព្រឹកទី០៦ខែ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៥ ផ្លូវ៣១៦ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ អុឹង ឌីណា ហៅអាយួន ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្រែព្រីង ឃុំស្រែ ព្រីង ខេត្តកំពុងឆ្នាំង ។ រីឯជនរងគ្រោះឈ្មោះ ទូច សុីម ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ់ក់ដូរស្នាក់នៅ ផ្ទះលេខ២៥ ផ្លូវ៣១៦ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក។
តាមប្រភពព័ត៍មានពីមន្ត្រីខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះជាន់ទី១និងជាន់ទី២ រួចចាកចេញទៅផ្សារដើមគរ ដើម្បីលក់ម្នាស់ លុះមកដល់ម៉ោងកើតហេតុក៏ស្រាប់តែមានជនសង្ស័យខាងលើនេះ មកធ្វើសកម្មភាពកាត់សោរ ដើម្បីគាស់ទម្លុះទម្លាយផ្ទះតែម្តង ប៉ុន្តែនៅពេលដែលធ្វើសកម្មភាព គាប់ជួនត្រូវប្រជាពលរដ្ឋជិតខាងឃើញទាន់ក៏ស្រែកចោរៗ រួចនាំគ្នាដេញចាប់បានហើយព្រួតវាយមួយដៃមួយជើងបណ្ដាលឲ្យរបួសធ្ងន់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា