Update ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធានការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក លោកនាយកសាលាគំរូក្នុងខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យតាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព ហើយដែលការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នាថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយបានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ-១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តស្វាយរៀងផ្ទាល់ និងវិធានជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក។

មានប្រសាន៍ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានជម្រាបជូនគណៈកម្មការអំពីវិធានការ និងប្រសិទ្ធភាពនៃការអនុវត្តការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត ដែលកន្លងមកដោយមានការចូលរួមសហការ និងគាំទ្រជួយឧបត្ថម្ភទាំងផ្នែកស្មារតី សម្ភារ និងថវិកា យ៉ាងផុសផុលពីគ្រប់សមាសភាពពាក់ព័ន្ធ ជាពិសេសការខិតខំយកចិត្តទុកដាក់អនុវត្តវិធានការគ្រប់ផ្នែករួមទាំងការផ្សព្វផ្សាយអប់រំ ការធ្វើចត្តាឡីស័ក និងមានយន្តការដឹកនាំគ្រប់គ្រងច្បាស់លាស់ បានធ្វើឲ្យកិច្ចការនេះអនុវត្តបានយ៉ាងជោគជ័យដែលអាចទប់ស្កាត់បានមិនឲ្យមានឆ្លងជំងឺកូវីដ-១៩ក្នុងខេត្ត។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា បើទោះបីជាយ៉ាងនេះក៏ដោយ ឥទ្ធិពល នៃជំងឺនេះ ក៏បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់ដំណើរការអនុវត្តជាទូទៅស្ទើរលើគ្រប់វិស័យផងដែរ ដែលរួមទាំងវិស័យសេវាកម្ម វិស័យឧស្សាហកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដំណើរការនៅច្រកទ្វារព្រំដែន ក៏ដូចជានៅក្នុងវិស័យអប់រំដែលសាលារៀនទាំងអស់ត្រួវបានផ្អាកទាំងស្រុង និងសាលារៀនមួយចំនួនត្រូវបានជ្រើសរើសជាមណ្ឌលចត្តាឡីស័ក។

ជាវិធានការចំពោះមុខ ឆ្លើយតបនឹងដំណើរការបើកសាលារៀនឡើងវិញនាពេលខាងមុខ ខេត្តក៏បានចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលាដែលធ្លាប់ជាមណ្ឌលចត្តាឡីស័ក និងសាលាដែលត្រៀមឲ្យបើកដំណើរការឡើងវិញ និងកំពុងពិនិត្យទីតាំងដែលត្រូវជ្រើសរើសជាមណ្ឌលចត្តាឡីស័កថ្មី ដែលមិនមែនជាសាលារៀន។

មានប្រសាសន៍ក្នុងឱកាសនេះផងដែរ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរ និងមន្ត្រីអប់រំទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមចំណាត់ការរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ការអប់រំ ដល់សិស្សានុសិស្សតាមគ្រប់លទ្ធភាព ក្នុងដំណាក់កាលកូវីដ-១៩ និងបានសំណូមពរឱ្យអជ្ញាធរខេត្ត មន្ទីរ និងការិយាល័យពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងសមត្ថភាពគ្រូនៅមូលដ្ឋានលើបច្ចេកទេសព័ត៌មានវិទ្យា យន្តការគ្រប់គ្រងចំណាយឱ្យចំគោលដៅសកម្មភាព និងភាពបត់បែនសម្របខ្លួនតាមស្ថានភាពជាក់ស្តែង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print