ពង្រឹងចំណេះដឹងលើអនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមនៅតាមសាសាលរៀន

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសផ្តល់ធុងសំរាមជូនសាលារៀន នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្សចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាន។

លោកបានទាញចំណាប់អារម្មណ៍ថា ដើម្បីឱ្យការរស់នៅប្រកបដោយចីរភាព គេត្រូវមានសរសរស្តម្ភ ចំនួន០៣ គឺ ១)សេដ្ឋកិច្ច ២)មនុស្ស និង៣)បរិស្ថាន ហើយដែលត្រូវមានការចូលរួម និងចាប់ផ្តើមពីយើងម្នាក់ៗ។ ហេតុនេះ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងទុកដាក់ទៅតាមប្រភេទឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោក បានលើកឡើងនូវទម្លាប់ងាយៗប្រចាំថ្ងៃ ដែលយើងម្នាក់ៗអាចធ្វើបានដើម្បីជួយដល់បរិស្ថាន ដូចជា ការទទួលអាហារឱ្យអស់ពីចាន ការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក និងការប្រើប្រើប្រាស់កន្រ្តកដាក់សម្ភារជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោក បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ចំនួន០២ចំណុច គឺ ១)ស្រឡាញ់ការរៀនសូត្រ និង២)ស្រឡាញ់បរិស្ថាន ព្រោះការចូលរួមផ្តើមចេញពីការស្រឡាញ់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រគល់ធុងគ្រប់គ្រងសំរាមជូនសាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដា និងលើកទី២ នៅខែសីហា ឆ្នាំ២0២0 កន្លងទៅ ជូនសាលារៀនសរុបចំនួន២២រួចមកហើយ។ លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោក ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសរសរស្តំ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រគល់ធុងសំរាមនាថ្ងៃនេះ គឺជាសកម្មភាពគាំទ្រដល់បរិស្ថានស្អាតនៅតាមសាលារៀន។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានលើកឡើងថា ពិធីប្រគល់សំរាមដល់បណ្តាសាលារៀន នៅរាជធានីភ្នំពេញ គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដើម្បីចូលរួមបំផុសគំនិតសិស្សានុសិស្សឱ្យយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន។

ក្នុងឱកាសនោះសាលារៀនបានទទួលធុងគ្រប់គ្រងសំរាម រួមមាន៖ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យទឹកល្អក់ វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង វិទ្យាល័យឫស្សីកែវ វិទ្យាល័យវត្តភ្នំ វិទ្យាល័យទួលទំពូង វិទ្យាល័យជម្ពូវ័ន វិទ្យាល័យទួលអំពិល វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យអនុវត្ត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print