ខេត្តកណ្ដាល៖ ហេតុអីក៏សីលធម៌ល្អ មួយនេះ អ្នកមិនចេះនាំគ្នាកសាងឱ្យល្អជាពលរដ្ឋរស់ក្នុងប្រទេសជាតិសន្តិភាព..! ខណៈមានរឿងផ្ទួនៗ មានបុរសជាប្ដីបានចាក់ប្រពន្ធបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏អារ.កសម្លាប់ខ្លួនឯង តែនៅមានដង្ហើមនៅឡើយ ។ ដោយហេតុថាសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម ។
ដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែនារីជាប្រពន្ធមិនព្រមត្រូវគ្នាវិញឡើយ រហូតបុរសជាប្ដីក៏តាមដេញចាក់សម្លាប់នារីជាប្រពន្ធ ហើយអារ.កសម្លាប់ខ្លួនឯងតាមក្រោយ។
នៅព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២០៖២៥នាទី នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកបន្តថា៖ ជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។
មុនចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ។
បើយោងតាមការសួរនាំជំហានដំបូង មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួន។ ចំពោះករណីនេះផងដែរ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។
មួយរយៈនេះឃើញថា៖ អំពើគិតខ្លី បានកើតឡើង ជាបទឧក្រិដ្ឋ ខណៈប្រទេសជាតិយើង ពង្រឹងផ្លូវច្បាប់។ ពិសេសសមត្ថកិច្ចក៏បានចូលរួមបំពេញតាមតួនាទីភារកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ បានទាន់ភ្លាមៗ ដើម្បីយកមកផ្តន្ទាទោស៕
ដោយ៖ សិលា