ប្រទេសកោះPalau ជាប្រទេសដ៏តូចមួយស្ថិតនៅលើដែនសមុទ្រប៉ាស៊ីហ្វិក បានអនុញ្ញាតឲ្យអាមេរិកសាងសង់ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានបំពេញទស្សនកិច្ចទៅកាន់កោះPalau ដោយចោទប្រកាន់ទីក្រុងប៉េកាំងមានសកម្មភាពបង្កអសន្តិសុខនៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិក។
ប្រធានាធិបតីប្រទេសកោះPalau លោក Tommy Remengesau បានបញ្ជាក់ថា លោកបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក Esperថា ប្រទេសរបស់លោកស្វាគមន៍អាមេរិកមកសាងសង់ទីតាំងយោធានៅទីនេះ។
ប្រធានាធិបតី Tommy Remengesau បានលើកឡើងថា«សំណើរបស់លោកគឺងាយស្រួល ណាស់ ដោយអាមេរិកត្រូវសាងសង់ទីតាំងប្រើប្រាស់រួម ដោយអាមេរិកអាចចេញចូលប្រើប្រាស់បានគ្រប់ពេល»។
ប្រទេសកោះPalau មានចម្ងាយពីប្រទេសហ្វីុលីពីន ១៥០០គីឡូម៉ែត្រនៅភាគខាងកើត។ ប្រទេសនេះមានពលរដ្ឋតែ២២ពាន់នាក់ប៉ុណ្ណោះ បានប្រកាសអនុញ្ញាតឲ្យអាមេរិកសាងសង់កំពង់ផែ សាងសង់ទីតាំងយោធា អាកាសយានដ្ឋានយោធា ។
បើទោះបីជាប្រទេសឯករាជ្យ ប៉ុន្តែ ប្រទេសកោះPalau មិនមានទាហានការពារជាតិឡើយ ហើយការធានារក្សាសន្តិសុខគឺពឹងផ្អែកទៅលើអាមេរិក តាមកិច្ចព្រមព្រៀងសម្ពន្ធមិត្តសេរី៕