ខេត្តត្បូងឃ្មុំ ៖ មិនដឹងខាងមន្ទីរ-ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹងឬទេ ជាទម្លាប់ឬជាចេតនាទុច្ចរិតបំផ្លាញផ្លូវជាតិប្រព្រឹត្តដោយ លោក គង់សុភាព..? ខណៈលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង…? ? ?
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹងឲ្យដឹងថា លោក គង់ សុភាព រកចំណូលតាមរយៈតួនាទីខ្លួនគ្រប់គ្រងស្ថានីយ៍នេះ បានលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង ក្នុងនោះគេបានបញ្ជាក់ថា សម្រាប់រថយន្តដឹកធុនធំ ភ្លៅ៤ ត្រូវបង់លុយដោយមិនចាំបាច់ចូលថ្លឹងអ្វីទាំងអស់ ព្រូឡានចុះយកលុយបង់គឺចប់ ហេីយករណីខ្លះរាប់ក្បាលឡានទុក ព្រោះចាំទូទាត់ជាមួយថៅកែ ។ ចំណែករថយន្តដឹកស៊ីម៉ង់ដ៏ និងដឹកទំនិញផ្សេងៗផ្ទុកធ្ងន់ ក៏ត្រូវចូលបង់លុយឲ្យក្រុមមន្ត្រីរបស់លោក គង់ សុភាព ។ រីឯរថយន្តដឹកអុសត្រូវបង់ដែរ ទើបអាចឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះដោយគ្មានការរំខាន។ អាចនិយាយបានថាលោក គង់សុភាព និងបក្ខពួកកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយ ។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំឲ្យដឹងថា បច្ចុប្បន្នលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ខេត្តត្បូងឃ្មុំនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។
ប្រភពបានឲ្យដឹងទៀតថាលោក គង់ សុភាព និងបក្ខពួកមិនដែលធ្វើការផាកពិន័យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ឬតកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេសនោះឡើយ ហើយពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ការដែលលោក គង់ សុភាពហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
មានន័យថា សមគំនិតគ្នាជាឯកច្ឆ័នបំផ្លាញផ្លូវជាតិ ដែលរដ្ឋាភិបាលកសាងសម្រាប់ជាសមិទ្ធផលជូនប្រជាជន ប្រទេសជាតិ តែអស់លោកឆ្លៀតយកតួនាទីមករកលុយទាំងគឃ្លើនច្បាប់។
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមឈ្មួញក៏ដូចមជ្ឈដ្ឋានខាងលើ លោក គង់ សុភាព បានប្រាប់តាមទូរសព្ទ័នៅរសៀលថ្ងៃនេះថាលោកមិនអាចឆ្លើយបានទេសូមអោយទៅជួបផ្ទាល់នៅកន្លែង ៕ដោយ ៖ វណ្ណៈ