ពលរដ្ឋនៅទីក្រុងមែលប៊ន(Melbourne)ប្រទេសអូស្ត្រាលីបាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី៥ ខែកញ្ញានេះដើម្បីប្រឆាំងនឹងច្បាប់បិទទីក្រុងនេះក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការបិទទីក្រុងគឺបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ក្រុមបាតុករប្រមាណជាង១ពាន់នាក់ បានប្រមូលផ្តុំគ្នាដង្ហែក្បួននៅថ្ងៃទី៥ ខែកញ្ញា ក្នុងទីក្រុងមែលប៊ន រដ្ឋវិចទ័ររៀ ដើម្បីប្រឆាំងច្បាប់បិទទ្វារទីក្រុង ។ ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងទីក្រុងនេះនាថ្ងៃទី៥ ខែកញ្ញា មាន៧៦នាក់ ។ អភិបាលរដ្ឋវិចទ័ររៀ លោកDaniel Andrew បានព្រមានថានឹងមានពលរដ្ឋរាប់ពាន់នាក់ស្លាប់ ប្រសិនបើលុបច្បាប់បម្រាមគោចរនោះ ។
បាតុកម្មបានប្រែក្លាយទៅជាអំពើហិង្សា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងកម្លាំងប៉ូលិស ។ តាមរូបភាពបង្ហាញឲ្យឃើញថា ក្រុមបាតុករជាច្រើនមិនពាក់ម៉ាស់ឡើយ ហើយប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស។ ផ្លូវសំខាន់ៗក្នុងទីក្រុងមែលប៊នត្រូវបានបិទផងដែរ។ កម្លាំងប៉ូលិសក៏បានចាប់បាតុករបង្កហិង្សាចំនួន១៥នាក់ផងដែរ ។
ក្រុមបាតុករស្រែកពាក្យថា«សេរីភាព» ពេលដង្ហែក្បួនដោយមិនពាក់ម៉ាស់ទប់ស្កាត់ការឆ្លងកូវីដ-១៩នោះឡើយ ។ ក្រៅពីការធ្វើបាតុកម្មនៅទីក្រុងមែលប៊ននេះ នៅរដ្ឋនិងទីក្រុងជាច្រើនក៏មានបាតុកម្មកើតឡើងប្រឆាំងនឹងច្បាប់ គម្លាតសង្គមផងដែរ ដូចជារដ្ឋញូវសាវវែលជាដើម ៕