រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញថា នៅទីតាំងផលិតនាវាមុជទឹករបស់កូរ៉េខាងជើង មានសកម្មភាពរៀបចំសម្រាប់ការសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមចេញពីនាវាមុជទឹក។
មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ(CSIS)របស់អាមេរិក បានផ្សព្វផ្សាយរូបភាពពីផ្កាយរណប បង្ហាញឲ្យឃើញថា កូរ៉េខាងជើងមានសកម្មភាពត្រៀមសាកល្បងមីស៊ីលចេញពីនាវាមុជទឹក។
តាមរូបភាពបង្ហាញឲ្យឃើញថា កូរ៉េខាងជើងត្រៀមបាញ់មីស៊ីលPukguksong-3 ចេញពីនាវាមុជទឹក (SLBM)។ ប៉ុន្តែ ទាំងនោះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ អ្វីគ្រប់យ៉ាងគឺត្រូវរង់ចាំ។
កាលពីខែតុលា ឆ្នាំ២០១៩ កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលPukguksong-3 ចេញពីនាវាមុជទឹកប្រភេទដូចគ្នាដែរ ដើម្បីបង្កើនសមត្ថភាពការពារដែនអធិបតេយ្យរបស់ខ្លួន។
កន្លងមក អាមេរិកក៏បានបង្ហាញរូបភពផ្កាយរណបថាកូរ៉េខាងជើងត្រៀមលក្ខណៈដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំក្នុងទិវាបង្កើតបក្សពលករ ដែលជាថ្ងៃបុណ្យជាតិធំបំផុតនៅកូរ៉េខាងជើង។ ព្រមជាមួយគ្នានេះដែរ ការត្រៀមបាញ់មីស៊ីលគឺជារឿងសមហេតុផលបំផុតសម្រាប់កូរ៉េខាងជើង៕