អភិបាលក្រុមហ៊ុន ជីន លីស៊ុន ជាជនជាតិចិនសោះ តែពាក់ផ្កាយ៣និង គូកនជាច្រើននាក់ត្រូវតុលាការចោទប្រកាន់ចំនួន៣បទល្មើសពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា

ចែករំលែក៖

ភ្នំពេញ៖ អភិបាលក្រុមហ៊ុនជីន លីស៊ុន Cambodia Co.Ltd លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ ជាជនជាតិចិន និងគូកនជាច្រើននាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺ បទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីឱ្យចុះបញ្ជី» ពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែលយើងទើបទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើ ៖
ទី១-ឈ្មោះ លីម លាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ)
ទី២-ឈ្មោះ ចូវ ជីងហ្វូ ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ)
ទី៣-ឈ្មោះ ហ៊ាង ហ្វខាយ ជនជាតិចិន មុខរបរអភិបាលក្រុមហ៊ុនជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ)
ទី៤-ឈ្មោះ វ៉ូ សិនតាំង ជនជាតិចិន មុខរបរអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ)
ទី៥-ឈ្មោះ វ៉ាង យុនជិន ជនជាតិចិន មុខរបរអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ)
ទី៦-និងគូកន (ក្រៅឃុំ)។
ជនទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទក្លែងបន្លំឯកសារសាធារណៈ និងបទបំភាន់មន្ត្រីសុរិយោដីឱ្យចុះបញ្ជី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល ។

ជាមួយគ្នានេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំងអស់ ដើម្បីបញ្ចប់បទល្មើស ឬ បង្ការបទល្មើសកុំឱ្យកើតជាថ្មី , ដើម្បីរារាំងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬ ជនរងគ្រោះ ឬ រារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត , ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស ។

តាមប្រភពព័ត៌មាន គឺដំណើររឿងនេះ ផ្តើមចេញពីជនត្រូវចោទទាំងអស់បានយកដីរបស់ឈ្មោះ សុខ សាខឿន ភេទស្រី អាយុ៦៥ឆ្នាំ ទំហំជាង៤ហិកតា មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ទៅធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមួយទៀត ដោយក្លែងបន្លំ ដើម្បីបានកាន់កាប់លើដីកម្មសិទ្ធិរបស់ឈ្មោះ សុខ សាខឿន ។

ទោះបីយ៉ាងណា ពេលនេះយើងពុំទាន់អាចស្វែងរកលេខទូរស័ព្ទរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសុំការឆ្លើយតបបាននៅឡើយទេ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print