អគារតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ សាងសង់ថ្មីនៅព្រែកលៀប

ចែករំលែក៖

ភ្នំពេញ៖ ការសម្រេចដូរសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទៅទីតាំងថ្មីនៅឯសង្កាត់ព្រែកលៀប គឺធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជូនទៅលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី។
បើតាមផេកក្នុងស្រុកមួយលើកឡើងថា៖ រដ្ឋាភិបាល នឹងបង្កើតអគារសាលាយុត្តិធម៌ថ្មីមួយ មានកម្ពស់៧ជាន់ និងមានផ្ទៃក្រឡាសរុបជិត២ម៉ឺនម៉ែត្រការ៉េ លើផ្ទៃដីទំហំជាង៩,៤ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OICC នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារថ្មី ដែលហៅថាសាលាយុត្តិធម៌នេះ នឹងផ្ទុកស្ថាប័នតុលាការពីរថ្នាក់នៅជាមួយគ្នា គឺសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (តុលាការថ្នាក់ទាប) និងសាលាឧទ្ធរណ៍ភ្នំពេញ-មហាអយ្យការអមសាសាឧទ្ធរណ៍ភ្នំពេញ (តុលាការថ្នាក់ខ្ពស់)។

ការចេញសជណនេះ គឺបន្ទាប់ពីទទួលបានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សជណ បានឲ្យដឹងថា អគារសាលាយុត្តិធម៌ថ្មីនេះ មិនមែនរដ្ឋ សាងសង់ដោយខ្លួនឯងទេ គឺប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ-នីហរ័ណ ជាអ្នកសាងសង់។

សូមបញ្ជាក់ថា៖ សជណ បង្ហាញថា ដី សម្រាប់សាងសង់អគារសាលាយុត្តិធម៌ថ្មីនេះ គឺជាដីរបស់រដ្ឋ ដែលមានទំហំជាង៩,៤ពាន់ម៉ែត្រការ៉េ។ ផ្អែកលើខ្លឹមសារនៃសជណ ក្រុមហ៊ុន លី ឈួង ចំណាយលើការសាងសង់អគារសាលាយុត្តិធម៌ ហើយនឹងទទួលបានទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង១,៧ពាន់ម៉ែត្រការ៉េ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សជណ សរសេរថា៖«ដោះដូរទីតាំងសាលាដំបូងរាជធានីភ្នំពេញនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…ជាថ្នូរនឹងការសាងសង់សាលាយុត្តិធម៌ថ្មី…»៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print