មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យគ្រប់សាលារៀនទាំងអស់បង្កើនការអនុវត្តវិធានការសុវត្ថិភាពសម្រាប់ការចូលរៀនដំបូង

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលតាមសាលារៀនមួយចំនួននៅក្នុងខេត្តសៀមរាប ដែលបានបើកឱ្យសិស្សចូលរៀនថ្ងៃដំបូង ជាពិសេសផ្តោតសំខាន់ទៅលើកុមារតូច បន្ទាប់ពីបានបិទអស់មួយរយៈដោយសារតែជំងឺកូវីដ-១៩។
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា នៅថ្ងៃដំបូង នៃការបើកឱ្យសិស្សចូលរៀនឡើងវិញនេះឃើញថា នៅតាមសាលានានាក្នុងខេត្តសៀមរាបមានការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលបាន យ៉ាងល្អប្រសើរ។
ទោះបីយ៉ាងណាលោករដ្ឋមន្ត្រីនៅតែជំរុញ និងលើកទឹកចិត្តឱ្យគ្រប់សាលារៀន ទាំងអស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ក្រៅពីការបាញ់កម្ដៅ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬ អាល់កុល និងរក្សាគម្លាតសុវត្ថិភាពហើយ ត្រូវបង្កើតកន្លែងលាងដៃនិឹងសាប៊ូឱ្យបានច្រើន។ លោកគ្រូអ្នកគ្រូត្រូវធ្វើជាគំរូដល់សិស្សក្នុងការអនុវត្តនូវវិធានការអនាម័យ និងសុវត្ថិភាព ដើម្បីឱ្យសិស្សក្លាយទៅជាទម្លាប់ ហើយពួកគាត់នឹងទៅបង្រៀនដល់ក្រុមគ្រួសារគាត់ឱ្យអនុវត្តវិធានការសុវត្ថិភាពនេះដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ការចូលរៀនដំបូងនេះ សម្រាប់ថ្នាក់រៀនមួយបន្ទប់ អាចដាក់សិស្សឱ្យសិក្សាត្រឹមតែពី១៥នាក់ ទៅ២០នាក់ប៉ុណ្ណោះ។ ក្នុងនោះដែរ សម្រាប់ថ្នាក់មធ្យមសិក្សាមានថ្នាក់ទី៩ និងថ្នាក់ទី១២ សិស្សត្រូវសិក្សាចំនួន១៨ម៉ោងក្នុងមួយសប្ដាហ៍ ចំណែកសិស្សបឋមសិក្សាចំនួន៨ម៉ោងក្នុងមួយ សប្ដាហ៍ និងមានចែកជាបីក្រុម។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ស្តីពីដំណើរការបើកសាលារៀនឡើងវិញ ជាបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២-សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣-សាលារៀនមានស្តង់ដារអប្បបរមា៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print