អភិបាលខេត្តស្វាយរៀង នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៣៥១គ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០​នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមអមដំណើរលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ក្នុងស្រុករមាសហែក សរុប ៣៥១គ្រួសារ ក្នុងនោះនៅឃុំម្រាម ២១៨គ្រួសារ និងឃុំចន្ត្រី ១៣៣គ្រួសារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានកិត្តិយសសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុករមាសហែក។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងថា ៖ ការចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើភ្លាម ក្រោយពីបានទទួលរបាយការណ៍ពី លោក ម៉ែន វិបុល គណៈអភិបាល នៃអភិបាលខេត្តស្វាយរៀង។ លោកស្រីក៏បានផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកស្រីក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង៣៥១គ្រួសារ រួមមាន ៖
ទី១.គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣៧គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) ម៉ាស ១ និងថវិកា ២០០.០០០ រៀល។
ទី២.គ្រួសាររងគ្រោះមធ្យម ១០៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) ម៉ាស ១ និងថវិកា ៦០.០០០រៀល។
ទី៣.គ្រួសាររងគ្រោះស្រាល ២០៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ៦០.០០០រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ។

ដោយឡែក សម្រាប់អ្នករងរបួសធ្ងន់ ២នាក់ ប្ដីប្រពន្ធ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ទទួលបានសម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ៦០០.០០០រៀល ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថវិកា ១.០០០.០០០រៀល និងពី នាយឧត្តមសេនីយ៍ សៅ សុខា ថវិកា ២.០០០.០០០ រៀល រីឯអ្នករបួសស្រាល ១នាក់ ទទួលបានថវិកាពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ៤០០.០០០រៀល និង នាយឧត្តមសេនីយ៍ សៅ សុខា ថវិកា ២០០.០០០រៀល បន្ថែមទៀតផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print