ខេត្តពោធិ៍សាត់៖ អំឡុងពេលនេះជារដូវកាលបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋនាំគ្នាទៅវត្តដើម្បីធ្វើបុណ្យទាន ប៉ុន្តែចម្លែកអ្វីតែយុវជនរូបនេះមិនធ្វើបុណ្យទានអ្វីទេបែរជាធ្វើសកម្មភាពវ៉ៃប្លន់យកទ្រព្យសម្បត្តិពីយាយបង្កើតអាយុ៨៤ឆ្នាំ ទៅវិញ ។
សកម្មភាពវ៉ៃប្លន់យកទ្រព្យសម្បត្តពីយាយបង្កើតរូបនេះ កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះនៅចំណុចខ្នងប្រឡាយស្នាយទោល ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍ពីសមត្ថកិច្ចដែលយើងទើបទទួលបាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះបង្ហាញថា យុវជនពាលរូបនេះឈ្មោះ សឿន ចាន់រិទ្ធិ អាយុ២៤ឆ្នាំ ។ ចំណែកជនរងគ្រោះជាជីដូនចាស់មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ ។
បន្ទាប់ពីវ៉ៃប្លន់យកទ្រព្យសម្បត្តិពីលោកយាយបង្កើតហើយ យុវជនរូបនេះ បានយកខ្សែកលោហធាតុពណ៌លឿង១ខ្សែទម្ងន់៣ជី , លុយខ្មែរចំនួន៨០ម៉ឺនរៀល និងទូរស័ព្ទដៃ Nokia ស៊េរីចាស់មួយគ្រឿង។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា លុះមកដល់វេលាម៉ោង១១ៈ៤០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះទៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ស្នាមព្រះស្ថិតនៅក្នុងភូមិ -ឃុំស្នាមព្រះ ស្រុកបាកាន ទើបឃាត់ខ្លួនយុវជនរូបនេះបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ ចេស្តា