ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់មន្ត្រី ជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក ដែលផ្តោតតែទៅវិស័យឧស្សាហកម្មការពារជាតិច្រើនជាងទាហានការពារជាតិ។
លោកត្រាំបានលើកឡើងកាលពីថ្ងៃទី៧ខែកញ្ញាថា «ខ្ញុំមិននិយាយថា ទាហានស្រឡាញ់ចូលចិត្តខ្ញុំឡើយ…ប៉ុន្តែអ្នកនៅជួរមុខក្រសួងការពារជាតិដូចជាមិនបានធ្វើអ្វីក្រៅពីជំរុញសង្គ្រាមដើម្បីឲ្យក្រុមហ៊ុនឧស្សាហកម្មផលិតគ្រាប់បែក អាវុធសប្បាយតែប៉ុណ្ណោះ»។
លោកត្រាំបានបង្ហាញពីគោលបំណងដកទាហានអាមេរិក ទាំងអស់ចេញពីប្រទេសស៊ីរី ក្រោយពេលក្រុមភេរវកម្ម IS មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីដណ្តើមគ្រប់គ្រងទឹកដីស៊ីរីទៀតឡើយ។ ប៉ុន្តែមន្ត្រីការពារជាតិមិនយល់ព្រម នឹងគំនិតរបស់លោកនោះឡើយ។ លោកត្រាំបានលើកឡើងថា « ខ្ញុំបាននិយាយថាវាជារឿងល្អប្រសិនបើបញ្ជូនទាហានអាមេរិក ទាំងអស់វិលត្រឡប់មកប្រទេសវិញ ។ ប៉ុន្តែមានមនុស្សមួយចំនួនមិនចង់ធ្វើរឿងនោះឡើយ ដោយចង់ឲ្យទាហានអាមេរិកមានវត្តមាននៅក្នុងប្រទេសស៊ីរីដដែល»។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបញ្ជូនសម្តីរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានលើកឡើងពីបញ្ហាខាងលើ ទៅកាន់សេតវិមានវិញក្នុងគោលបំណងពន្យល់ហេតុផល។ មន្ត្រីការពារជាតិអាមេរិកមិនបានវិភាគអ្វីជុំវិញហេតុការណ៍ខាងលើឡើយ។
សារព័ត៌មាន CNN បានផ្សាយថាទំនាក់ទំនងរវាងលោកត្រាំ និឹងរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ប្រឈមមុខតានតឹងដាក់គ្នា។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកត្រាំ មានបំណងផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper ដោយសារតែការមិនចុះសម្រុងគ្នា៕