ខេត្តកំពង់ឆ្នាំង ៖ ពេញមួយថ្ងៃចន្ទ ០៥ រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹកដល់ម៉ោង ១៤:៣០ នាទី កម្លាំងចម្រុះរបស់សាលាស្រុកកំពង់លែងចំនួន ១៨ នាក់ ដឹកនាំដោយលោក ចេង ចាន់ដូណា អភិបាលរងស្រុកនិងលោកម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ក្នុងនោះបានធ្វើការសហការចុះបង្ក្រាបបទល្មើសនេសាទពីរកន្លែង នៅចំណុច អង្គរទ្វីប ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ចំណុចទ័ពស្រូវ តាមដងផ្លូវចុះពីឃុំដារ និងសំរោងសែន ក្នុងភូមិសាស្ត្រឃុំសំរោងសែន ដោយប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់ចំនួន ០៥ គ្រឿង ។
មន្រ្តីចូលរួមបង្រ្កាបករណីនេះបានឲ្យដឹងថាជាលទ្ធផលក្នុងការបង្រ្កាបនេះ សមត្ថកិច្ចចម្រុះបានរុះរើរបាំងសាច់អួនក្រឡាញឹកចំនួន ៣៥ កន្លែង ប្រវែង ១៧៥០ ម៉ែត្រ
-លបលូ ៣៥ លូ
-បង្គោល ៨០០ ដើម
និងលែងកូនត្រីចម្រុះចំនួន ៣០០ គ.ក្រផងដែរ។
សម្ភារជាវត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលដើម្បីរង់ចាំដុតកម្ទេចចោលនៅពេលខាងមុខ។
ប្រភពដដែលបន្តថា សមត្ថកិច្ចចម្រុះនឹងចុះបង្រ្កាបបទល្មើសនេសាទក្នុងរដូវហាមឃាត់នៅស្រុកនេះដូចភ្លៀងរលឹម ដើម្បីរក្សាមច្ឆជាតិឲ្យបានសំបូរបែបសម្រាប់ប្រជាពលរដ្ឋយើងត្រូវការហូបចុកជាប្រចាំ៕
ដោយ÷ប្រាថ្នា