សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន សីុ ជីនពីង បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអឺរ៉ុប៣រូប នៅថ្ងៃទី៨ ខែកញ្ញា។ នៅក្នុងកិច្ចប្រជុំនោះ អឺរ៉ុបបានបង្ហាញពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មជាមួយចិនជាបន្តទៀត បើទោះបីទំនាក់ទំនងរវាងចិន និឹង២ប្រទេសទៀតជាសមាជិកអឺរ៉ុបកំពុងប្រឈមមុខតានតឹងដាក់គ្នាក្តី។
សារព័ត៌មាន South China Morning Post (SCMP) បានផ្សាយថា នៅក្នុងកិច្ចប្រជុំពីចម្ងាយ(អនឡាញ) នៅថ្ងៃទី៨ខែកញ្ញា រវាងអឺរ៉ុបនិឹងចិនក្រោមការដឹកនាំរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែល
បច្ចុប្បន្នលោកស្រីកំពុងកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ក្នុងនោះមានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកCharles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen។
តាមសារព័ត៌មាន SCMP បានផ្សាយថា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏ទទួលបានការអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ ប៉ុន្តែលោកមានធុរៈមិនអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនោះបាន។
មន្ត្រីសហគមន៍អឺរ៉ុបបញ្ជាក់ថា ប្រធានាធិបតីចិន កំពុងតែយកចិត្តប្រទេសក្នុងតំបន់អឺរ៉ុប មុនពេលបោះឆ្នោតអាមេរិកនៅដើមខែវិច្ឆិកាឆ្នាំ២០២០។ កិច្ចប្រជុំនោះ វិស័យពាណិជ្ជកម្មគឺជាប្រធានបទសំខាន់បំផុត ។ តាមគម្រោង នឹងមានកិច្ចប្រជុំ កំពូលអឺរ៉ុប+១ (មានន័យថា កិច្ចប្រជុំរវាងប្រទេសជាសមាជិកអឺរ៉ុបទាំង ២៧ ជាមួយនិងប្រទេសចិន ២៧+១) នៅចុងឆ្នាំនេះតែម្តង៕