ខេត្តស្វាយរៀង៖ យោងតាមលោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះថា មន្ត្រីជំនាញបសុពេទ្យ បានចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សាទឹកដល់សត្វគោ ក្របី ចិញ្ចឹមដោយកសិករទូទាំងខេត្តបានជាង៥ម៉ឺនក្បាល។
លោកបានបន្តថា នៅឆមាសទី១ ចាក់វ៉ាក់សាំងជំងឺសាទឹកដល់គោក្របីទូទាំងខេត្តសរុបបាន២២.៤៧៧ក្បាល ក្នុងនោះគោមាន១៦.៤១៥ក្បាល ក្របី៦. ០៦២ក្បាល ។ ចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមបានសរុប៤.៧៣០ក្បាល ក្នុងនោះគោមានចំនួន៣.៣៧៤ក្បាល និងក្របីចំនួន១.៣៥៤ក្បាល។
នៅត្រីមាសទី៣នេះ បានចាក់វ៉ាក់សាំងជំងឺសាទឹកលើសត្វកសិករចិញ្ចឹមសរុប បាន ៣០.១៦៧ក្បាល ក្នុងនោះគោបាន ១៥.៧៥២ក្បាល និងសត្វក្របី១៤. ៤១៥ក្បាល និងចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមបានសរុប៥.៣០០ក្បាល ក្នុងនោះគោចំនួន៣.៧០៤ក្បាល និងសត្វក្របីបាន១.៥៩៦ក្បាល ។
លោកបន្ថែមថា ជាវិធានការឆ្លើយតប ជួយដល់កសិករទូទាំងខេត្ត មកទល់ឥឡូវនេះ មន្ត្រីជំនាញបានចុះចាក់វ៉ាក់សាំងដល់សត្វកសិករចិញ្ចឹមទូទាំងខេត្តបានសរុប៥២.៦៦៤ក្បាល ក្នុងនោះគោ៣២.១៦៧ក្បាល និងក្របី២០.៤៧៧ ក្បាល និងចាក់វ៉ាក់សាំងការពារអុតក្តាមសរុបបាន៥. ៣០០ក្បាល ហើយសរុប ទាំងសាទឹក អុតក្តាម ទូទាំងខេត្ត បានចំនួន៥៧.៩៤៤ក្បាល គោបាន៣៥. ៨៧១ក្បាល និងក្របី.២២ ០៧៣ក្បាល ក្នុងឆ្នាំ២០២០នេះ ហើយយុទ្ធនាការនេះនឹងធ្វើជាបន្តបន្ទាប់ទៀតផងដែរ៕ ដោយ៖ យឹម សុថាន